ឯកឧត្តម ម៉ៅ ធនិន ចង់ឲ្យក្មួយៗកម្មករ កម្មការិនី បន្ត​ថែរក្សាឆ្នាំងបាយរបស់ខ្លួន ឲ្យបានយូរអង្វែង


ពោធិ៍សាត់៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ទាំងនៅក្នុងក្រុមហ៊ុន និងនៅមូលដ្ឋាន របស់ក្មួយៗកម្មករ កម្មការិនីរោងចក្រកាត់ដេរ នៃក្រុមហ៊ុនលានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ជិត១ពាន់នាក់ ដែលមានទីតាំងស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចង់ឲ្យក្មួយៗកម្មករ កម្មការិនី ​ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយគ្នា ដាស់តឿនគ្នា ចេះថែរក្សាឆ្នាំងបាយរបស់ខ្លួនឲ្យបានយូរអង្វែង ដែលនាំមកនូវភាពរីកចម្រើនក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោក ចាង ជៀស៊ាំង នាយកក្រុមហ៊ុនលានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ​បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត អាជ្ញាធរស្រុក​ មន្ទីរជំនាញ ដែលបានអនុញ្ញាតឲ្យមានការវិនិយោគទុនបរទេស ចូលមករកស៊ី ក្នុងប្រទេសកម្ពុជា ជាក់ស្តែងក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ លោកបានបន្ថែមថា កម្មករ កម្មការិនី និងនិយោជិតទាំងអស់​ ដែលបានខិតខំបំពេញការងារ ក្រុមហ៊ុនបានយកចិត្តទុកដាក់ ជួយដោះស្រាយរាល់បញ្ហាប្រឈម និងធ្វើការដោះស្រាយបានទាន់ពេលវេលា។ លោកនាយក បានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ២០១៤នៅលើផ្ទៃដី២០ពាន់ម៉ែត្រការេ មានកម្មករ កម្មការិនី និងនិយោជិត ជិត១ពាន់នាក់ ក្នុងនោះស្រី៧៨០នាក់ និងជនជាតិចិន៩នាក់។ ​សម្រាប់ប្រាក់ឈ្នួលអប្បបរិមា របស់កម្មករគឺ ១៧០ដុល្លារ ក្នុងមួយខែ និងបូករួមទាំងប្រាក់បន្ទាប់បន្សំ ដូចជាប្រាក់រង្វាន់១០ដុល្លារ ថ្លៃធ្វើដំណើរ៧ដុល្លារ ថ្លៃបាយ២០០០រៀល បន្ថែមម៉ោង៥០% ក្នុង៦ខែបើកម្តង និងស្ត្រីសម្រាប់លំហែមាតុភាព៣ខែ រក្សាអតីភាពនៅដដែល។ ​ចំពោះផលិតផលនាំចេញ អាវចំនួន១៤៥,៨០០អាវ ក្នុងមួយខែ គិតជាមធ្យម ក្នុងមួយថ្ងៃផលិតអាវបាន ៥,៦០៧អាវ សម្រាប់នាំចេញទៅលក់នៅប្រទេសបារាំង កាណាដា អាមេរិក អេស្ប៉ាញ និងជប៉ុនជាដើម។

ក្រោយពីទទួលយក និងដោះស្រាយ នូវរាល់សំណូមពរ របស់កម្មករ កម្មការនីនោះរួចមក ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាមហាមេគ្រួសារ បានសម្តែងនូវក្តីរីករាយ ដោយបានបញ្ជាក់ថា គោលបំណងសំខាន់ គឺបានជួបប្រាស្រ័យសំណេះសំណាល និងស្វែងយល់អំពីបញ្ហាប្រឈមនានា របស់កម្មករ កម្មការិនី ដែលត្រូវតែគិតគូ និងដោះស្រាយទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃ។ លោកតែងតែចាត់ទុកថា កម្មករ កម្មការិនីទាំងអស់ ជាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ ក្រោមឆ័ត្រតែមួយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ព្រមទាំងបាននាំមកនូវសុខសន្តិភាព ​ស្ថេរភាព និងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បានគួសបញ្ជាក់ថា បើគ្មានសុខសន្តិភាព ​ស្ថេរភាពទេនោះ ការវិនិយោគក៏គ្មាន​ ក្មួយក៏គ្មានការងារធ្វើ​នោះដែរ តែដោយសារការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការវិនិយោគបរទេស ចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ។ ហេតុនេះ លោកចង់ឲ្យក្មួយៗទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ដោយចាត់ទុកថា រោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលកើតមានសព្វថ្ងៃ គឺជាជង្រុកស្រូវ ជាមាសប្រាក់ និងជាឆ្នាំងបាយរបស់យើង កុំនាំគ្នាបំផ្លាញឲ្យសោះ បើមានករណីអ្វីចាំបាច់យើងនិយាយគ្នាដោយសន្តិវិធី​។​ ជាការពិតណាស់ថា ក្រុមហ៊ុនរីកចម្រើនអាស្រ័យដោយកម្លាំងកម្មករ ហេតុនេះសូមឲ្យក្មួយៗខិតខំបំពេញការងារ ដើម្បីបានថវិកាបម្រើក្រុមគ្រួសារ ត្រូវរក្សាលើកកម្ពស់សេចក្តីថ្លៃថ្នូ មានសីលធម៌ សុជីវធម៌របស់ជាតិ និងប្រកាន់ភ្ជាប់នូវព្រហ្មវិហាធម៌ទាំង៤ ព្រមទាំងអំពាវនាវ សូមឲ្យក្មួយៗទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់ស្ត្រីមានផ្ទៃពោះ២៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀល សារុង៣, ដោយឡែកកម្មករ កម្មការិនី ជិត១ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១ម៉ឺនរៀល និងក្រមា១ផងដែរ៕