អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុក បងប្អូនប្រជាការពារ គឺជាកម្លាំងមិនអាចខ្វះបាន ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់បង្ការទប់ស្កាត់នូវរាល់ នូវរាល់បទល្មើស និងផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅ បរិវេណវត្តចន្ទរង្សី ហៅវត្តរំលេច បានចាត់ទុកថា បងប្អូនប្រជាការពារ គឺជាកម្លាំងមិនអាចខ្វះបាន ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់បង្ការទប់ស្កាត់នូវរាល់ នូវរាល់បទល្មើស និងផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន

ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងពិសាបាយសាមគ្គី ជាមួយបងប្អូនក្រុមគ្រួសារប្រជាការពារ៤ឃុំ មានឃុំបឹងខ្នា ឃុំរំលេច ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ក្នុងស្រុកបាកាន ជាង១ពាន់នាក់ ក្នុងនោះក៏មានលោកគ្រូ អ្នកគ្រូ ឃុំរំលេច៧៨នាក់ ដោយមានការចូលរួមពីតំណាងរាស្ត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីសាលាស្រុក។

សម្រាប់ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ជាង១ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម សារុង១ និងហូបបាយថ្ងៃត្រង់មួយពេល ព្រមទាំងបានជួយដោះស្រាយសំណូមពរពីមូលដ្ឋាន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រផងដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរចុះសំណេះសំណាលជាមួយព្រះសង្ឃ យាយជីតាជី ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ្ធ ក្នុងវត្តទួលលាប ស្ថិតក្នុងភូមិមេទឹក ឃុំមេទឹក ដើម្បីត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ ជុំវិញលក្ខណៈសម្បត្តិ ក្រមសីលធម៌ ធនធានចំណេះដឹងអ្នកទ្រទ្រង់វិន័យ ដែលត្រូវផ្តល់ជូនចៅអធិការថ្មីវត្តនេះ។ ព្រមទាំងបន្តចុះសម្របសម្រួលដោះស្រាយបញ្ចប់ ករណីបិទផ្លូវរទះ និងបិទផ្លូវទឹក សម្រាប់ធ្វើស្រែ ក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ដោយបានលើកឡើងថា “ត្រូវរក្សាស្ថានភាពដើម អ្នកលុបប្រឡាយ ត្រូវបើកប្រឡាយឲ្យទឹកហូរវិញ, អ្នកឈូសលុបផ្លូវ ត្រូវបើកផ្លូវឲ្យចេញចូលស្រែវិញ ដោយមិនគិតពីកូនមេភូមិ មេឃុំ ឬជានរណាក៏ដោយ៕