ប្រជាពលរដ្ឋស្រុកមោងឫស្សី​ សប្បាយរីករាយ​ ទទួលបាន​ចំណងដៃថ្មី២​ ក្នុងថ្ងៃតែមួយ


នាព្រឹកថ្ងៃសៅរ៍​ ៤កើត​ ខែបឋមសាឍ​ ពស​ ២៥៤២​ ត្រូវថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្តម​ អង្គ​ វង្ស​ វឌ្ឍានា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី​ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវក្រាលកៅស៊ូ​ DBST ប្រវែង២៦០០​ ម៉ែត្រ​ ឆ្លងកាត់ឃុំគារ​ និងឃុំរបស់មង្គល ចំណាយថវិកាអស់ប្រមាណ៦០០លាន​រៀល។ ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ឃុំទាំងពីរនេះ​ ក៏ដូចជាស្រុកមោងឫស្សី​ទាំងមូល​ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ​ និងដឹកកសិផលមកកាន់ទីផ្សារ​ និងផ្លូវជាតិ។ នៅថ្ងៃតែមួយនេះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នូវអគារបឋមសិក្សា​ ១ខ្នង​ មាន៣បន្ទប់​ នៅក្នុងភូមិថ្មី​ ឃុំព្រៃតូច​ ដែលបានចំណាយថវិកាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីប្រមាណជិត​ ៤ម៉ឺនដុល្លារ។ សាលាបឋមសិក្សានេះ​ ត្រូវបានកសាងទ្បើង​ឆ្លើយតប​សំណូមពររបស់បងប្អូនជាអាណាព្យាបាលសិស្ស​ លោកគ្រូអ្នកគ្រូ​ និងអាជ្ញាធរមូលដ្ឋាន​ ក៏ដូចជាការចូលរូមចំណែកក្នុងការ​លើកកម្ពស់វិស័យអប់រំ​ សិក្សាធិការ​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕