កាកបាទក្រហមកម្ពុជា ជួយប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់


Storm 28 07 16 2 copy

     សាខាកាកបាទក្រហមខេត្តព្រៃវែង នាំអំណាយចែកជូនប្រជាពលរដ្ឋជិត ៣០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ។ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តព្រៃវែង លោក សុខ ផេង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណាយមនុស្សធម៌សាខា ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦គ្រួសារ និងរងរបួស ម្នាក់នៅស្រុកស្វាយអន្ទរខេត្តព្រៃវែង ។

     ក្នុងឱកាសនោះលោក សុខ ផេង បាននាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមសោកស្តាយចំពោះការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីខ្យល់កន្ត្រាក់នាពេលនេះ ។ ជាមួយគ្នានោះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យប្រឹងប្រែងប្រកបរបរប្រចាំថ្ងៃ បន្តទៅទៀតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណាយដែលផ្តល់ជូននៅពេលនេះ បានជួយសម្រាលការលំបាកតែមួយគ្រាប៉ុណ្ណោះ ។

     អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម តង់១ កន្ទេល១ ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា១០ម៉ឺនរៀល, គ្រួសាររងគ្រោះមធ្យមមាន៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម កន្ទេល១ ឃិត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥ម៉ឺនរៀល ។ ចំណែកអ្នករងរបួសក្នុងម្នាក់ទទួលបានការឧបត្ថម្ភ ២០ម៉ឺនរៀល ។

Storm 28 07 16 3 copy

Storm 28 07 16 4 copy

Storm 28 07 16 5 copy