ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែប្រវែង២០២០ម៉ែត្រ ក្នុងក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ ៖ នៅព្រឹកអង្គារ៧កើតខែបឋមសាឍ ឆ្នាំច សរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍​គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែប្រវែង២០២០ម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ឆ្លងកាត់ភូមិព្រះពន្លា​ ភូមិព្រៃឬស្សីសង្កាត់ព្រះពន្លា​ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅសង្កាត់ព្រះពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជាង៤០០០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ សម្តេចក្រឡាហោម​ ស​ ខេង​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានប្រសាសន៍ថា​ កម្ពុជាបច្ចុប្បន្ន​ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រទេសជាតិមានការរីកចម្រើនជាងពេលណាទាំងអស់​ ប្រជាពលរដ្ឋរស់នៅជាមួយនឹងសិទ្ធិសេរីភាព​ ជីវភាពធូរធារ​ និងកូនចៅយើងបានរៀនសូត្រ​ចេះដឹង​ចូលរួមកសាងបាននូវសហគមន៍មូលដ្ឋានមានសន្តិភាព​ សុវត្ថិភាព​ ផ្ទុយស្រឡះពីរបបប៉ុលពតអតីតកាលដែលមានតែការឈឺចាប់​ បែកបាក់​ និរាសព្រាត់ប្រាស់​ និងអំពើប្រល័យពូជសាសន៍សាហាវយង់ឃ្នងហួសនឹងថ្លែង។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលចូលរួមថែរក្សាបាននូវសុខសន្តិភាព​ និងចេះឆក់យកឱកាសទាញផលពីសុខសន្តិភាពនេះរួមគ្នា​កសាងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន​ ដូចនេះ​​សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០​ “​ ស្រួលចាំ​ ស្រួលគិត​ ស្រួលគូស​ “​ នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់គ្នា​​ ដើម្បីសម្តេចតេជោហ៊ុនសែនបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​និងអំណោយ​ ចែកជូនមាន​ ៖
១.ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់ ម្នាក់ៗ​ ទទួលបានសារ៉ុង១
២.ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើងនៅសង្កាត់ព្រះពន្លា​ចំនួន៤០៩នាក់ ម្នាក់ៗ ទទួលបាន :​ ថវិកា២ មុឺនរៀល​ សារ៉ុង ១​ បំពង់ទឹកក្ដៅ ១​ មី​ ពិល​ ទឹកដោះគោ​ ប្រេងកូឡា ប្រេងខ្យល់​ ស្ករស អំបិលអ៊ីយ៉ូត​តែ​ ប្រេងសណ្ដែក​ កៅអៀក។ ល។
៣.ជូនសាលាសង្កាត់ព្រះពន្លា ថវិកា​ ១លានរៀល
៤. ជូនដល់មណ្ឌលសុខភាពព្រះពន្លា ថវិកា៥០មុឺនរៀល ។