អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ឯកឧត្តមនឹងលើកតំបន់រដ្ឋបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា មកដាក់នៅក្នុងឃុំតាលោ ដើម្បីបង្កើតជាស្រុកថ្មីមួយ មានឈ្មោះថា “ស្រុកសំសាន្ត”


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានលើកឡើងថា ឯកឧត្តមនឹងលើកតំបន់រដ្ឋបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា មកដាក់នៅក្នុងឃុំតាលោ ដើម្បីបង្កើតជាស្រុកថ្មីមួយ មានឈ្មោះថា “ស្រុកសំសាន្ត”។ នៅពេលដែលស្រុកនេះ បានបង្កើតចេញជារូបរាងហើយនោះ ស្រុកសំសាន្ត នឹងក្លាយជាស្រុកបង្អែកមួយ បន្ទាប់ពីទីក្រុងពោធិ៍សាត់ ដែលអាចជួយសម្រួល ដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិត កាន់តែលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ដោះស្រាយសំណូមពរ និងពិភាក្សាការបង្កើតស្រុកថ្មី ជាមួយគ្រួសារប្រជាពលរដ្ឋ ទូទាំងឃុំតាលោ ជិត៣ពាន់នាក់ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជិត៣ពាន់នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ព្រមទាំងប្រគល់ថវិកាលើកទឹកចិត្ត ដល់អ្នកច្រៀងចម្រៀង អបអរការសប្បាយទាំងអស់គ្នាផងដែរ៕