ការបរិច្ចាគឈាមគឺដើម្បីសង្គ្រោះជីវិតមនុស្ស


ថ្ងៃពុធ ៨រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន១៣០នាក់ចូលរួមបរិច្ចាគឈាមនៅក្នុងកម្មវិធីផ្តល់ឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្តីការក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត និងបានគូសបញ្ជាក់ថានេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៍មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។

គួរកត់សម្គាល់ផងដែរថា៖ ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC)បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះមន្ត្រីរាជការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានបរិច្ចាគឈាម និងថវិកាមួយចំនួនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។