សិក្ខាសាលាណែនាំការប្រើប្រាស់មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង


បាត់ដំបង៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ “សិក្ខាសាលាណែនាំការប្រើប្រាស់មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា” ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ រដ្ឋបាលអប់រំ ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធ អ៊ីម៉ែល អ៊ីនធឺណិតក្នុងការទំនាក់ទំនង ការប្រើប្រាស់កម្មវិធីទូរសព្ទដៃសម្រាប់ជំនួយដល់ការរៀន និងការបង្រៀន និងពង្រឹងសុវត្ថិភាពសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមជាដើម។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានគរុបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្ដមបានមានប្រសាសន៍ថា បច្ចុប្បន្នសិក្ខាសាលានេះបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹងពុទ្ធិផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា អាចប្រកួតប្រជែងលើឆាកអន្តរជាតិ។ ក្នុងនោះផងដែរ ក្រុមហ៊ុន Metfone បានធ្វើការចែកស៊ីមកាត ដល់គរុសិស្សម្នាក់មួយ ដែលអោយពួកគាត់ចូលទៅកាន់គេហទំព័រ និងអនុគេហទំព័រ មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិកនៃក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីប្រព័ន្ធគ្រប់គ្រងសាលារៀន (SMAS) ដោយឥតគិតថ្លៃ៕