ក្រុមការងារគណបក្សនយោបាយទាំង២ ព្រមព្រៀង ២ចំណុច


Law 05 01 16 2 copy

     ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​លើ​ ២​ចំណុច ​ដែល​លើក​មក​ជជែក​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​៤​ មករា ​នេះ​ ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ។

     សេចក្តី​ព្រាង​ច្បាប់​សហ​ជីព គឺ​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​ ក្រោយ​ការ​អនុម័ត​ពី​គណរដ្ឋមន្ត្រី​រួច​មក ​។ សេចក្តី​ព្រាង​ច្បាប់​នេះ នៅ​មិន​ទាន់​ដាក់​ដើម្បី​រក​ការ​អនុម័ត​ ពី​រដ្ឋ​សភា​ទេ ​ដោយ​រង់​ចាំ​ការ​ជជែក​ពី​ក្រុម​ជំនាញ​ថែម​ទៀត​ ។

     ក្រោយ​ជំនួប​គ្នា​ប្រមាណ​ជាង​ ២​ម៉ោង​ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម សុខ ឥសាន សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ​ភាគី​ទាំង​២ ​នៅ​ថ្ងៃ​នេះ បាន​ពិភាក្សា​គ្នា​លើ​ចំណុច​២​ នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព និង​បាន​ឯកភាព​គ្នា​លើ​ចំណុច​ទាំង​២ គឺ​ត្រង់​មាត្រា​៣ និង​មាត្រា​៤ ​។ ឯកឧត្តម​បញ្ជាក់​ថា មាត្រា​៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព បាន​ចែង​ពី​វិសាលភាព​នៃ​ច្បាប់​ ដែល​សហជីព​បាន​ស្នើ​ឲ្យ​ដាក់​បញ្ចូល​កម្មករ​សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​នោះ​បន្ថែម​ទៀត​ ។

     ឯកឧត្តម សុខ ឥសាន ថ្លែង​ថា ​មាត្រា​នេះ​គេ​រក្សា​ទុក​ដដែល ដោយ​គេ​ផ្អែក​តាម​ច្បាប់​ការងារ​ដែល​បាន​បញ្ជាក់​និយម​ន័យ​ច្បាស់​ក្នុង​នោះ​រួច​ហើយ​ ។ ចំណែក​មាត្រា​ទី​៤ គឹ​ជា​មាត្រា​ដែល​ចែង​អំពី​រចនា​សម័្ពន្ធ​សហជីព​។ ឯកឧត្តម​បញ្ជាក់​ថា គេ​បាន​ឯកភាព​គ្នា​ ក្នុង​ការ​បន្ថយ​ការ​កំណត់​ការ​បង្កើត​ពី​សហព័ន្ធ​សហជីព​ពី​ ៩​​សហជីព មក​ ៧​សហជីព​ វិញ និង​បន្ថយ​ការ​កំណត់​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព ពី​ ៧​សហព័ន្ធ​សហជីព មក​ ៥​សហព័ន្ធ​សហជីព​ វិញ ​។

     គួរ​បញ្ជាក់​ថា ក្រុម​សហជីព​បាន​ស្នើ​អោយ​ក្រុម ជំនាញ​កែ​ប្រែ​ ២១​ចំណុច​ ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ ដោយ​សារ​តែ​ពួក​គេ​យល់​ថា​ បាន​រឹត​ត្បិត​ដល់​ក្រុម​សហជីព​ ។ ឯកឧត្តម សុខ ឥសាន បញ្ជាក់​ថា នៅ​ថ្ងៃ​នេះ​ គេ​បាន​ឯកភាព​គ្នា​លើ​ ២​ចំណុច​ហើយ ហើយ​បញ្ហា​នៅ​សល់​ គេ​នឹង​បន្ត​ពិភាក្សា​គ្នា​លើ​ចំណុច​សេស​សល់​ចំនួន​ ១៩​ចំណុច ​ថែម​ទៀត ​។

Law 05 01 16 3 copy

Law 05 01 16 4 copy