ក្រសួងអប់រំដាស់តឿនមាតាបិតា កុំចាញ់បោកជនឆ្លៀតឱកាស


Edu 02 08 16 2 copy

     ក្រសួងអប់រំបានដាស់តឿនមាតាបិតាសិស្ស កុំចាញ់បោកជនឆ្លៀតឱកាស ដែលសន្យាអោយកូនប្រឡងជាប់បាក់ឌុប ជាថ្នូរនឹងថវិកាជាសគុណ ។ ការដាស់តឿននេះ បានធ្វើនៅមុនការប្រឡងបាក់ឌុប ដែលនឹងមកដល់នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។

     ការដាស់តឿននេះ បានធ្វើក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ និងការដាស់តឿននេះទៀត បានធ្វើឡើងបន្ទាប់ពីមានការ លេចឮព័ត៌មានថា មានបុគ្គលមួយចំនួន បានដើរសន្យាជួយបេក្ខជនប្រឡងជាថ្នូរ នឹងថវិកាសគុណមួយចំនួន ។

     ក្រសួងអប់រំបានបញ្ជាក់យ៉ាងដាច់អហង្ការថា ការប្រលង គឺនឹងប្រព្រឹត្តិទៅដោយគោរពតាមគោលការច្បាប់ យុតិ្តធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមទិសស្លោក អ្នកចេះគឺជាប់ ។ ក្រសួងបានជំរុញបេក្ខជនទាំងអស់ បន្តខិតខំ ប្រឹងប្រែងរៀនសូត្រ និងគោរពតាមបទប្បញ្ញត្តិនានា ក្នុងដំណើរការប្រឡង ។

     ក្រសួងអប់រំ នៅបានជំរុញឲ្យអាណាព្យាបាល មាតាបិតា និងបេក្ខជន ដែលត្រូវ ប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់ រួមទាំងសាធារណជនផងដែរ មេត្តាផ្តល់ព័ត៌មាន និងអត្តសញ្ញាណជនខិលខូច ដែលដើរសន្យារត់ការឲ្យជាប់បាក់ឌុប មកក្រសួង ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយក្រសួងធានារក្សានូវការសម្ងាត់ជូន ៕