មន្រ្តីរាជការ២៦នាក់នៅមន្ទីរសាធារនិងដឹកជញ្ចូនខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសតែងតាំង សម្រួលនិងប្រគល់ភារកិច្ចជាប្រធាននិងអនុប្រធានការិយាល័យ


កំពង់ឆ្នាំង ៖ មន្រ្តីរាជចំនួន២៦រូបត្រូវបានប្រកាសតែងតាំង ប្រគល់ និង សម្រួលភារកិច្ចមកកាន់ដំណែងជាប្រធានការិយាល័យ និង អនុប្រធានការិយាល័យ ចំនួន៩ការិយាល័យចំណុះអោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។ ដែលពិធីត្រូវបានធ្វើឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍គូសបញ្ជាក់ថា កន្លងមកមន្ទីរសាធារណការនិងដឹកជញ្ជូនមានតែ៤ការិយាល័យ និង ៨ការិយាល័យក្រុងស្រុក ដោយសារថាមានកំណែទម្រង់របស់រាជរដ្ឋាភិបាលកដូចជាក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវអោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបំបែកការិយាល័យជា៩ការិយាល័យ ដើម្បីបំពេញ នូវការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋតាមជំនាញ និង តម្រូវការរបស់ប្រជាពលរដ្ឋ ហើយការជ្រើសរើសថ្នាក់ដឹកនាំការិយល័យគឺមន្ទីរ មានក្រុមប្រឹក្សាភិបាលធ្វើការវាយតម្លៃ ក្នុង ការជ្រើសរើសអោយស្របទៅតាមច្បាប់សហលក្ខ័ន្តិកៈមន្រ្តីរាជការស៊ីវិល អោយស្របទៅតាមតួនាទី សមត្ថភាព ជំនាញនីមួយៗប្រកបដោយតម្លាភាព ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានមាន
ប្រសាសន៍ដោយគូសបញ្ជាក់ថា ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធិផលនៃការងារ សូមមន្រ្តីទាំងអស់ដែលទើបនឹងទទួលដំណែងថ្មី ត្រូវគោរពអោយបាននូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពនិងត្រូវមានទស្សនៈវិស័យអោយបានវែងឆ្ងាយក្នុងអភិវឌ្ឍន៍ស្ថាប័ន និង ជំនាញសមត្ថភាពផ្ទាល់ខ្លួនអោយកាន់តែមានការរីកចម្រើនប្រសើរឡើងថែមទៀត ស្របតាមករីកចំរើនរបស់សង្គមជាតិ ។

ឯកឧត្តម បានបញ្ជាក់ថា វិស័យសាធារណការនិងដឹកជញ្ជូន គឺជាវិស័យដ៍សខាន់មួយ ក្នុងដំណើរការនៃការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើន បច្ចុប្បន្នផ្លូវស្ពាននៅគ្រប់ទីកន្លែង បានកំពុងធ្វើការសាសង់ ត ភ្ជាប់តំបន់មួយទៅតំបន់មួយទៀត ធ្វើអោយប្រជាពលរដ្ឋ កាន់តែងាយស្រួល ក្នុងការធ្វើដំណើរទាំពេលយប់និងពេលថ្ងៃ កាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបាន អំពាវនាវអោយមន្រ្តីរដែលទទួលតំណែងថ្មី ត្រូវតែគោរពអោយបាននូវ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន គឺការផ្តល់សេវាសាធារណៈប្រកបដោយតម្លា ភាពដោយគ្មានការរើសអើង នៅក្នុងវិស័យសាធារណការ ធ្វើយ៉ាងណាអោយសេវាសាធារណៈដែលផ្តល់អោយប្រជាពលរដ្ឋបានឆាប់រហ័ស ប្រជាពលរដ្ឋងាយទទួលយកបានដោយរលូន ។ក្នុងឱកាសនោះឯកឧត្តម អភិបាលរងខេត្តបានចែកអំណោយដល់មន្រ្តីរាជការដែលចូលរួម ក្នុងម្នាក់សារុង១ និង ថវិកាចំនួន៣ម៉ឺនរៀលផងដែរ ។