ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សា ទ្វេភាគី ដែលធ្វើឡើង នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាយករដ្ឋមន្រ្តីឡាវ ថងលួង ស៊ីសូលីត មានប្រសាសន៍សំដែងនូវ ការស្វាគមន៍យ៉ាង កក់ក្តៅបំផុត ចំពោះវត្តមានដ៏ ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃបំផុតអញ្ជើញមក ចូលរួមវេទិកាភាពជាអ្នកដឹកនាំ អាស៊ានលើកទី១៣ ពិសេសការទទួលនូវពានរង្វាន់ សមិទ្ធផលអាស៊ាន មួយជីវិត ដែលផ្តល់ដោយ វេទិកាភាពជាអ្នកដឹកនាំអាស៊ាន ។
នាយករដ្ឋមន្រ្តីឡាវ ក៏បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីមហន្តរាយដែល ប្រជាកសិករឡាវកំពុង ប្រទះលើផលដំណាំរបស់ខ្លួន ពីការបំផ្លិចបំផ្លាញ នៃសត្វកណ្តូប នៅក្នុងខេត្តលូងព្រះបាង របស់ប្រទេសឡាវ ។ ក្នុងជំនួបពិភាក្សាគ្នានោះ ដែរនាយករដ្ឋមន្រ្តីឡាវបានឯកភាព ក្នុងការទទួលយកពីសំណើរ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្ទេរអគ្គ លេខាធិការដ្ឋានគណៈកម្មការ ទន្លេមេគង្គ ពីរាជធានីភ្នំពេញ មកកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្រាប់ផ្នែកគាំទ្រ បច្ចេកទេសនិបរិស្ថាន ដោយឡែកសម្រាប់ការ ព្យាករណ៍អាកាសធាតុ និងទឹកជំនន់ បន្តរក្សាក្នុងប្រទេសកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការសម្រេចផ្ទេរនូវផ្នែកទាំងនោះគឺដោយការបង្ហាញនូវការគាំទ្រផ្នែកនយោបាយរបស់កម្ពុជា ចំ ពោះរដ្ឋាភិបាលឡាវ និងជាការថ្លែងអំណរគុណ ចំពោះប្រទេសឡាវដែលបាន គាំទ្រដល់កម្ពុជាក្នុងការបង្កើត មជ្ឈមណ្ឌលកំចាត់មីនអាស៊ានក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំង ពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការរិះរកមធ្យោបាយបង្កើនប្រាក់អាហារូបករណ៍សម្រាប់ និស្សិតនៃប្រទេសទាំងពីរ ដែលសិក្សាក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឡាវ ពីប្រាក់អាហារូបករណ៍១៥០ ដុល្លាក្នុងពេលបច្ចុប្បន្នទៅ២៥០ដុល្លាក្នុង១ខែ ដោយធ្វើយ៉ាងណាឲ្យក្រសួងអប់រំនៃប្រទេសទាំងពីរបន្តធ្វើការពិភាក្សា ជាមួយគ្នា ដើម្បីឲ្យដំណើរការនោះប្រព្រឹត្តទៅដោយឆាប់រហ័សបំផុត។
នាយករដ្ឋមន្រ្តីឡាវក៏បាន ថ្លែងនូវអំណរគុណជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែបានធ្វើការគាំទ្រចំពោះតួនាទី របស់ឡាវ ក្នុងការធ្វើជាប្រធាន អាស៊ានសម្រាប់ឆ្នាំ២០១៦នេះ ពិសេសសម្រាប់ការ ដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន នៅក្នុងខែកញ្ញាខាងមុខ ។ តាមរយៈនេះលោកនាយករដ្ឋមន្រ្តី ក៏បានស្នើសុំសម្តេចតេជោ បន្តការគាំទ្រជាបន្តទៀត ពិសេសគាំទ្រដល់ការប្រឹក្សា យោបល់លលើបញ្ហា រួមរបស់អាស៊ាន និងអន្តរជាតិ ។
សម្តេចតេជោមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាព ក្នុងការបន្តគាំទ្រដល់ប្រទេសឡាវ ដែលជាប្រទេសមិត្តភក្តិនិងគ្នា ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរបានឯកភាព គ្នាក្នុងពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌទ្វេភាគីនោះ គឺគប្បីប្រទេសទាំងពីរ ធ្វើការពង្រឹងកិច្ច សហប្រតិបត្តិការ នៃក្រសួងការបរទេស របស់ប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានការ ផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសថ្មីដូចគ្នា សំដៅធ្វើយ៉ាងណាឲ្យវិស័យ ការទូតរបស់ប្រទេសទាំងពីរ កាន់តែ មានរឹងមាំថែមទៀត ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់ សមភាគីឡាវ គឺធ្វើយ៉ាងណា ប្រទេសទាំងពីរកុំបង្កជម្លោះដណ្តើមផលប្រយោជន៍គ្នា ពោលគឺយើងត្រូវតែ មានការគាំទ្រគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ រួមរបស់ប្រទេសនិង ប្រជាជនទាំងពីរ ដែលការលើក ឡើងនោះត្រូវបានការគាំទ្រ ពីឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ចូលរួមនូវការ សោកស្តាយ ចំពោះមហន្តរាយដែល ប្រជាកសិករឡាវ កំពុងជួបប្រទះពីការ បផ្លិចបំផ្លាញនៃសត្វកណ្តូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា កម្ពុជាធ្លាប់ជួបប្រទះនូវបញ្ហាបែបនេះ កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែយើងបានខិតខំរិៈរក គ្រប់មធ្យោបាយ ក្នុងការបំផ្លាញសត្វកណ្តូប អស់ទាំងនោះ ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំងពីរកម្ពុជា ឡាវ ក៏បានពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនង ទ្វាភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការ យកចិត្តទុកដាក់ដូចគ្នា ៕
នាយករដ្ឋមន្រ្តី ឡាវអបអរ សម្ដេចតេជោ ដែលទទួលបាន ពានរង្វាន់ សមិទ្ធផលអាស៊ាន មួយជីវិត
