អយ្យការច្រានចោលសំណើមេធាវីរបស់ លោកស្រី ថាក់ ឡានី


     តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានច្រានចោលនូវសំណើមេធាវីរបស់ លោកស្រី ថាក់ ឡានី ដែលសុំរឿងពន្យារពេលចូលបំភ្លឺមុខតំណាងអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ ។

     សូមជំរាបថា រសៀលម៉ោង២ ថ្ងៃទី៨ ខែសីហានេះ គឺជាថ្ងៃដែលអយ្យការសាលាដំបូងបាន កោះអញ្ជើញលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី តាមបណ្តឹងរបស់មេធាវីរាជរដ្ឋាភិបាល លោក គី តិចលោកមេធាវី គី តិច បានប្តឹង លោកស្រី ថាក់ ឡានី ដែលនិយាយចោទថា សម្តេចតេជោសែន បានបាញ់សម្លាប់ លោក កែម ឡី

     នៅរសៀលថ្ងៃទី៨ ខែសីហានេះ លោកស្រី ថាក់ ឡានី មិនមានវត្តមានទេប៉ុន្តែ បានបញ្ជូនមេធាវីការពារក្តី គឺ លោក សំ សុគង់ ដែលបានស្នើសុំអោយពន្យាពេលការឡើងបំភ្លឺនេះ ។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យតុលាការ លោកលី សុផាណា បានថ្លែងថា «ការស្នើសុំពន្យាពេលនេះ មិនមានមូលដ្ឋានគតិយុត្តិ  និងមិនមានមូលហេតុរបស់សាមីខ្លួនច្បាស់លាស់» ។

     សូមជំរាបថា លោកស្រី ថាក់ ឡានី កាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងវេទិកាសាធារណៈមួយក្នុងខេត្តរតនគីរី បាននិយាយចោទថា សម្តេច ហ៊ុន សែន បានបាញ់ លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ ។  លោកមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា បានប្តឹង លោកស្រី ថាក់ ឡានី ទាមទារអោយតុលាការផ្តន្ទាទោស លោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារការសងជម្ងឺចិត្តចំនួនទឹកប្រាក់ចំនួន ១រយរៀល ។

     លោកស្រី ថាក់ ឡានី ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានវិញដែរថា លោកស្រីមិនបាននិយាយ ចោទប្រកាន់យ៉ាងនោះទេ ហើយលោកស្រីចោទប្រកាន់ថា ការចាក់ផ្សាយសម្លេងរបស់លោកស្រី គឺជារឿងកាត់ត ប៉ុន្តែក្នុងការស្នើឡើងបំភ្លឺនៅថ្ងៃរសៀលនេះ មេធាវីរបស់លោកស្រីមិនបានបង្ហាញភស្តុតាងជាក់ស្តែងនោះទេ ប៉ុន្តែបែជាស្នើអោយមានការពន្យាទៅវិញ ។

     លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងហាងកាហ្វេម៉ាតមួយកន្លែង ក្នុងខណ្ឌចំការមន ។ សមត្ថកិច្ចដែលសហការជាមួយនឹងប្រជាជន បានដេញប្រកិត និងចាប់ខ្លួនបាននៅលើផ្លូវ សុធារស ក្បែរវត្ត ស្វាយអំពែនៅថ្ងៃដដែលនោះ ។ ជនសង្ស័យក្រោយការចាប់ខ្លួន បាននិយាយក្លែងទាំងឈ្មោះ និងកន្លែង ស្នាក់នៅថែមទៀត ដែលទីបំផុត ត្រូវបណ្តាញសង្គមបានផ្សាយឈ្មោះពិតថា ជនសង្ស័យនោះ មិន មែនឈ្មោះ ជួបសម្លាប់ទេ… ឈ្មោះពិតប្រាកដ គឺឈ្មោះ អឿត អាង ដែលធ្លាប់ជាសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ ក្នុងខេត្តសៀម រាបថែមទៀត ។