ព្រឺទ្ធសភាកម្ពុជា ថ្កោលទោសតំណាងរាស្ត្រអូស្ត្រាលី ហុង លីម


     ព្រឹទ្ធសភានៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសសម្តីប្រមាថមើលងាយ របស់ជនមានដើមកំណើតខ្មែរម្នាក់ ដែលបច្ចុប្បន្នជាតំណាងរាស្ត្រអូស្ត្រាលី ប្រចាំរដ្ឋ Victoria ។ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងវិទ្យុអាស៊ីសេរី ថ្ងៃទី៤ ខែសីហា បានចាត់ទុករបបនៅកម្ពុជាជារបបតិរច្ឆាន ។

     សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ បានឱ្យដឹងថា គេបានទទួលញ្ញត្តិរបស់តំណាងក្រុមមន្ត្រីរាជការ… តំណាងសហគមន៍មិត្តប្រាសាទព្រះវិហារ… ក្រុមនិស្សិតនៃវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន… និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានស្នើសុំការរកអន្តរាគមន៍ និងថ្កោលទោស ចំពោះការលើកឡើងរបស់ លោក ហុង លីម នោះ ។

     ខ្លឹមសារនៃញ្ញត្តិទាំង៤ ដែលផ្ញើទៅស្ថាប័នធ្វើច្បាប់កំពូលរបស់កម្ពុជានេះ ត្រូវគេឃើញបានថ្កោលទោសសម្តី របស់អ្នកតំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម និងបានទទូចសុំអោយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកជំទាវAngela Corcoran ធ្វើអន្តរាគមន៍ចំពោះសម្តីប្រមាថមកលើកម្ពុជានេះ ។

     ព្រឹទ្ធសភានៃប្រទេសកម្ពុជា បានថ្លែងថា នៅថ្ងៃនេះ ព្រឹទ្ធសភាគាំទ្រញ្ញត្តិតំណាងសាធារណជន ដែលប្រឆាំងនឹងការប្រមាថជាតិ និងប្រជាជនឯង និងចាត់ទុកការប្រើភាសាប្រមាថ របស់អ្នកតំណាងរាស្ត្រអូស្ត្រាលី ហុង លីមនេះ ជាសម្តីអសីលធម៌ អគតិ គ្មានឧត្តមគតិជាតិ និងប្រជាជន ខ្វះការគោរពសិទ្ធិមនុស្ស ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិយ៉ាងធ្ងន់ធ្ងរ ។

     សេចក្តីថ្លែងការណ៍ដដែល បានហៅភាសាប្រមាថនោះថា ជាការមួលបង្កាច់ការពិត ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលចាប់តាំងពីឆ្នាំ១៩៩៣ នោះមក ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តដោយខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមពន្លឺនៃសន្តិភាព ស្ថិរភាពរឹងមាំ ស្មើសិទ្ធិ ស្មើមុខជាមួយនឹងប្រទេសនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។

     សេចក្តីថ្លែងការ ទាមទារឱ្យ លោក ហុង លីម ធ្វើការសុំទោសប្រជាជាតិខ្មែរ ជាសាធារណៈ ជាបន្ទាន់ ចំពោះការប្រើពាក្យប្រមាថហួសព្រំដែន ដែលពុំអាចទទួលយកបាន ពីប្រជាជាតិខ្មែរទាំងមូល ៕