ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប


ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ។

ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ ប្រគេនដល់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើង ។ ឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នៅព្រះវិហារព្រះអង្គចេកព្រះអង្គចម នាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានគណៈអភិបាល និង ក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃ ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ប្រគេនជូនព្រះសង្ឃ និងពុទ្ធបរិស័ទនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ស្រុក គ្រប់ឃុំទូទាំងប្រទេស ដែលផ្តល់នូវទំនុក ចិត្តពីប្រជាពលរដ្ឋ ។

សម្ភារៈបរិក្ខាដែលបានប្រគេននាឱកាសនោះ មានទៀនវស្សា ០១គូ និង គ្រឿងឧបភោគបរិភោគមួយចំនួន ព្រះសង្ឃ៥អង្គ ក្នុងមួយអង្គ១០មឺុនរៀល យាយជី តាជីកក ២០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល ៕