ពិធីប្រកាសតែងតំាងមុខតំណែងអភិបាលក្រុងច្បារមន ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ ថ្ងៃពុធ ១៥កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅបណ្ណាល័យខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសតែងតំាងមុខតំណែងអភិបាលក្រុងច្បារមន ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវបានតែងតាំងលោក ហុក ម៉ារាឌី អភិបាលរងស្រុកឧដុង្គ ទៅជាអភិបាលក្រុងច្បារមន ជំនួសលោកស្រី ប៉ោក សេដ្ឋា ដែលត្រូវបានចូលនិវត្តន៍ ។

ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងនេះដែរ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍លើកឡើងថា ការប្រកាស ឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ឯកឧត្តមបន្ថែមទៀតថា សូមលោកអភិបាលក្រុង ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពក្នុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងខិតខំបន្តអភិវឌ្ឍក្រុងឲ្យកាន់តែប្រសើរឡើង។

លោក ហុក ម៉ារ៉ាឌី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយ ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានា ដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងរដ្ឋបាលក្រុង លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕