សម្តេចតេជោសែន រំលឹកខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ


     ក្រុម​អ្នក​លេង​ហ្វេស​ប៊ុក​ជា​ច្រើន ត្រូវ​គេ​ឃើញ​បាន​សរសេរ​អបអរសាទរ​ខួប​អាពាហ៍​ពិពាហ៍​ ៤០​ឆ្នាំ ​របស់​ សម្តេច​តេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ​។

     ខួប​អាពាហ៍​ពិពាហ៍​ ៤០​ឆ្នាំ​ គឺ​ជា​ខួប​ដ៏​កម្រ​មួយ មិន​សូវ​មាន​ចំពោះ​គូ​ស្វាមី​ភរិយា​ក្នុង​ប្រទេស​ឡើយ​ ដោយ​សារ​តែ​កម្ពុជា​ជា​ប្រទេស​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ជិត ​៣០​ឆ្នាំ​ និង​ដែល​គ្មាន​គ្រួសារ​ខ្មែរ​ណា​ម្នាក់​អាច​រួច​ផុត​ពី​ការ​បែក​បាក់​គ្នា​នោះ​ឡើយ​ ក្នុង​ជំនាន់​អតីត​កាល​ ។

     សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃ​ទី​៥​ មករា ​ឆ្នាំ ​១៩៧៦ ក្នុង​ជំនាន់​អតីត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម បាន​ទទួល​ការ​ជូន​ពរ​តាម​ទំព័រ​ហ្វេស​ប៊ុក​អបអរ​ខួប​អាពាហ៍​ពិពាហ៍​ ៤០​ឆ្នាំ ​នៅ​ថ្ងៃ​ទី​៥ ​មករា ​ឆ្នាំ ​២០១៦​ ។

     តាម​វប្បធម៌​បរទេស ខួប​អាពាហ៍​ពិពាហ៍​ ៤០​ឆ្នាំ គឺ​ជា​ខួប​ដែល​គេ​ប្រដូច​ទៅ​នឹង​ត្បូង​ទទឹម​ពណ៌​ក្រហម The 40th Ruby ។ បើ​សិន​ជា​ខួប​អាពាហ៍​ពិពាហ៍​ឡើង​ដល់​ ៥០​ឆ្នាំ នឹង​ប្រដូច​ទៅ​នឹង​មាស​ទឹក​ដប់ The 50th Gold … ចំណែក​ខួប​ ៦០​ឆ្នាំ​ គឺ​ប្រដូច​ជា​គ្រាប់​ពេជ្រ The 60th Diamond នោះ​ជា​ដើម​ ។

     ក្នុង​គេហទំព័រ​របស់ សម្តេចតេជោសែន សម្តេច​បាន​រំលឹក​ពី​ចំណង​គូ​ព្រេង​មិន​ព្រាត់ ​ដែល​នាំ​អោយ​សម្តេច​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត មិន​ដែល​ស្គាល់​មុខ​គ្នា​ពី​មុន និង​គ្រាន់​តែ​បាន​ទទួល​ការ​ចំអន់​ផ្សំ​ផ្គុំ​តាម​រយៈ​មិត្តភក្តិ ប៉ុន្តែ​ទី​បំផុត​ក៏​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៥ ​មករា ​ឆ្នាំ​ ១៩៧៦ ហើយ​ស្ថិត​ក្នុង​គូ​ទី​១៣​ ថែម​ទៀត​ ។

     សូម​ជំរាប​ថា​ ក្នុង​របប​ខ្មែរ​ក្រហម ការ​រៀប​អាពាហ៍​ពិពាហ៍ គឺ​អង្គការ​ថ្នាក់​លើ​តម្រូវ​អោយ​រៀប​ចំ​ធ្វើ​ជា​ច្រើន​គូ មិន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ ។ ហ្វេស​ប៊ុក​របស់​សម្តេច បាន​សរសេរ​រំលឹក​ការ​រៀបការ​យុទ្ធជន​ពិការ ​១៣​គូ ​នៅ​ភូមិ​ច្រាប​… ស្រុក​ត្បូង​ឃ្មុំ ដែល​ត្រូវ​ជា​ខេត្ត​ត្បូង​ឃ្មុំ ​នា​ពេល​បច្ចុប្បន្ន​ ។

     ហ្វេសប៊ុក​របស់​សម្តេច​កន្លង​មក​នេះ ក៏​បាន​សរសេរ​រំលឹក​នូវ​ទំហំ​ទឹក​ចិត្ត​ខ្លោច​ផ្សា​ នៃ​ការ​ព្រាត់​ប្រាស់​គូ​ស្វាមី​ភរិយា​ក្រោយ ការ​រៀបការ​បាន​ជាង​មួយ​ឆ្នាំ ​។ ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា សម្តេច​ដើម្បី​ការ​តស៊ូ​រំដោះ​ប្រទេស​ជាតិ បាន​សម្រេច​ចាក​ចោល​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​អាយុ​ ៥​ខែ ​នៅ​ថ្ងៃ​ទី​២០​ មិថុនា​ឆ្នាំ​ ១៩៧៧​ ។

     សម្តេច​បាន​ជួប​ជុំ​ជាមួយ​នឹង​ភរិយា​វិញ ក្រោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​កម្លាំង​តស៊ូ​ សហការ​ជាមួយ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម ​រំដោះ​ប្រទេស​ជាតិ​បាន​ទាំង​ស្រុង ​ចេញ​ផុត​ពី​ការ​កាប់​សម្លាប់​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៧​ មករា ​ឆ្នាំ ​១៩៧៩​ ។

HS Anniver 05 01 16 2 copy

HS Anniver 05 01 16 3 copy