អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង


នៅរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងកីឡាករ កីឡាការិនី សរុបចំនួន៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរក្រុង ស្រុក អង្គភាពពាក់ព័ន្ធនានា ពិសេសកីឡាករ កីឡាការិនី ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងបង្ហាញមោទនភាពខេត្តលើឆាកជាតិ និងអន្តរជាតិ ហើយជ័យជំនះនៃការប្រកួតកីឡាជាតិនេះ ខេត្តស្ទឹងត្រែង បានដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់១១គ្រឿង មេដាយសំរឹទ្ធិ១៨គ្រឿង និងឈរលើតារាងលេខរៀងទី៧ ក្នុងចំណោម២៨ ក្រសួង រាជធានី-ខេត្ត ដែលនេះគឺជាការសាងប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យកីឡាខេត្តស្ទឹងត្រែង និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តស្ទឹងត្រែងទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំបន្តប្រឹងប្រែងវិស័យកីឡាក្នុងខេត្តឲ្យកាន់តែខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត ដើម្បីសម្រាំងកីឡាករ កីឡាការិនី តំណាងខេត្តដែលមានសមត្ថភាពខ្ពស់ចូលរួមជាមួយជម្រើសជាតិកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាសុខភាព និងត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡាករ កីឡាការិនី ចំនួន ១៣៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល៕