ផ្លូវបេតុងមួយខ្សែប្រវៃង២ពាន់៧០០ម៉ែត្រ ក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមឆសាឍ ឆ្នាំច​ សំរឹទ្ធស័កព.ស២៥៦២​ ត្រូវនឹងថ្ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវចាក់បេតុង ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ដែលបានស្ថាបនាឡើងដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និង ប្រជាពលរដ្ឋក្នុងភូមិ ត្រូវបានសម្ពោធកាត់ខ្សែបូរជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ជាផ្លូវការលក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ ចូលរួម ។

មានប្រសាសនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ ចំពោះប្រជាពលរដ្ឋខេត្តសៀមរាប និង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ដែលបានបរិច្ចាគថវិកា និងកម្លាំងពលំ ក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែ គួរជាទីមោទននេះឡើង ។

សម្ធិផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និង អភិវឌ្ឍខេត្តសៀមរាប គឺផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ។ ម៉្យាងទៀតការស្តារឡើងវិញ និងសាងសង់បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា ដើម្បីបានប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈ និង ពង្រឹងវិសាលភាពសម្រាប់វិស័យទេសចរណ៍ផងដែរ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃកម្ពុជា វាស្ថិតនៅក្នុងសន្ទុះមួយដែលជាការកត់សម្គាល់នៅក្នុងតំបន់ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍរបស់បណ្តាប្រទេសដទែទៀតនៅក្នុងតំបន់ដូចគ្នា ដែលពុំមានការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមនោះ ។ ដូច្នេះនយោបាយ ឈ្នះ ឈ្នះ គឺជារូបមន្តសម្រាប់ការវិនិយោគលើសំណង់សន្តិភាពរឹងមាំនៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ និង ចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីការអភិវឌ្ឍន៍ វាគឺជាការប្រើប្រាស់នយោបាយ ឈ្នះ ឈ្នះ ដើម្បីវិនិយោគលើវិស័យសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន មិនទាន់ស្កប់ស្កល់នឹងការអភិវឌ្ឍនេះទេ សម្តេចតេជោ ចង់ឃើញកម្ពុជា នៅក្នុងរយៈពេលពី១០ទៅ២០ឆ្នាំទៀត ត្រូវបានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ឈានចូលក្នុងកិត្តិយស ជាប្រទេសអភិវឌ្ឍន៍ ដូចអារិយប្រទេសដទៃទៀត ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើង អំពី ស្ថានភាពនយោបាយក្នុង និង ក្រៅប្រទេស ព្រមទាំងសុំឲ្យបងប្អូនមានការពិចារណា កុំជឿនូវការឃោសនាអកុសល របស់ក្រុមអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងសន្តិភាពនៅកម្ពុជា តាមរយៈ ការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោត ព្រមទាំងធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ ដើមី្បយើងទទួលបាននូវកិច្ចអភិវឌ្ឍន៍ក្នុងភូមិឃុំសង្កាត់របស់ខ្លួន និង ចូលរួមលើការ អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពផងដែរ ។
ដើមី្បជាអនុស្សាវរីយ៍ ក្នុងឱកាសបើកសម្ភោធផ្លូវបេតុងមួយខ្សែនេះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិធី ចំនួន៦៥០នាក់ ដោយម្នាក់ៗ ប្រាក់២០ពាន់រៀល ៕