ក្រុមការងារចម្រុះគណកម្មការរដ្ឋបាលចុះពិនិត្យទីតាំងជាក់ស្តែងទីទួលបុរាណដ្ឋាន និងកំណត់ទំហំផ្លូវ ប្រឡាយ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ


នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៨ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណកម្មការរដ្ឋបាល បានដឹកនាំក្រុមការងារចម្រុះគណកម្មការរដ្ឋបាលចុះពិនិត្យទីតាំងជាក់ស្តែងទីទួលបុរាណដ្ឋាន និងកំណត់ទំហំផ្លូវ ប្រឡាយ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មវិសិទ្ធិ) និង ពិនិត្យផ្លូវចាស់មួយខ្សែបានដែលបិទដោយម្ចាស់ក្បាលដីលេខ៥១ ដើម្បបើកជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបវិញ។

បន្ទាប់ពីគណកម្មការរដ្ឋបាលបានចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាសង្កាត់មួយចំនួនធំរួចមក មានប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដោយមូលហេតុក្បាលដីរបស់ពួកគាត់ជាប់ពាក់ព័ន្ធទៅនឹងការកំណត់ទំណត់ទីទួលបុរាណដ្ឋាន ប្រឡាយ ត្រពាំង និងផ្លូវជាដើម។

បន្ទាប់ពីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងលោកប្រធានគណកម្មការ បានបន្តចុះពិនិត្យទីតាំងមួយចំនួនទៀត ដូចជាទីទួលបុរាណដ្ឋានប្រសាទគោកប៉ាទ្រី ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ប្រឡាយបុរាណដែលភ្ជាប់មកពីប្រាសាទបាគង ស្ថិតនៅភូមិតាចេក និងភូមិបុស្សក្រឡាញ់ និងត្រពាំងវេង ស្ថិតក្នុងភូមិវាល ព្រមទាំងប្រឡាយ និងផ្លូវ នៅភូមិខ្នារ សង្កាត់ជ្រាវ៕