អបអរសាទរ អាជីវករផ្សារសាមគ្គីស្ទឹងត្រែង ទទួលបានប័ណ្ណសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល តូប រាន


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកប័ណ្ណសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល តូប រាន ជូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងគ្រប់ប្រភេទ គណៈអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអាជីវករផ្សារសាមគ្គីស្ទឹងត្រែងចំនួន៦២៣នាក់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ផ្សារថ្មស្ទឹងត្រែង ត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលឲ្យខូចខាតទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិអាជីវករអស់ជាច្រើន។ ឆ្លើយតបនៅនឹងទុក្ខលំបាករបស់បងប្អូនអាជីវករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេច សាងសង់ផ្សារសាមគ្គីស្ទឹងត្រែង និងតូប រាន ជូនបងប្អូនអាជីវករ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច និងសាងសង់ដោយកងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ។

ការសាងសង់អគារផ្សារសាមគ្គីស្ទឹងត្រែង និងតូប រាន បានសម្រេច និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានចំនួន១.២៨៦តូប និងរានថ្មសម្រាប់អាជីវករមកពីជនបទលក់ត្រី បន្លែ ប្រវែង ៧២ម៉ែត្រ ស្មើនឹងចំនួនអាជីវករ ៦២៣នាក់។ រដ្ឋបាលខេត្តបានចាត់ចែងឲ្យបងប្អូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែង ចូលទៅលក់ដូរជាផ្លូវការនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយក្តីសប្បាយរីករាយ ព្រោះផ្សារថ្មីនេះ មានរចនាបថល្អ បរិស្ថានល្អ ផាសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹក និងប្រព័ន្ធការពារសុវត្ថិភាព ហើយតូប រាន នីមួយៗត្រូវបានសាងសង់ឡើងស្របតាមបទដ្ឋានត្រឹមត្រូវ។

បងប្អូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែង បានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាកនានាជូនពួកគាត់ ជាក់ស្តែងដូចជាការសាងសង់ផ្សារ តូប រាន ជូនពួកគាត់ ហើយទទួលបានប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិតូប រាន នាថ្ងៃនេះ៕