អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមជំរុញលើទឹកចិត្តឱ្យភ្នាក់ងារសង្កេតការណ៍ទាំងអស់យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីនីតិវិធី និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨


នៅព្រឹកថ្ងៃសុក្រទី២រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២ ៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់គណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ្ឌអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតី និងចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងវគ្គ​​ បណ្តុះបណ្តាលស្តីពីនីតិវិធី និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល៦​ ឆ្នាំ២០១៨ ជូនចំពោះភ្នាក់ងារសង្កតការណ៍ គណបក្សប្រចាំស្រុកតំបែរ នៃខេត្តត្បូងឃ្មុំសរុបមានចំនួនជាង ៥២៧ នាក់។

ក្នុងឱកាសនោះ លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូបក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន។ លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ​សាសនា ឬបក្សពួកឡើយ។

អ្នកតំណាងរាស្រ្តមក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ទន្ទឹមនឹងនេះលោកតំណាងរាស្រ្តក៍បានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។

ទន្ទឹមនឹងនេះ អ្នកតំណាងរាស្រ្តក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ លោកចាយ បូរិនក៏បានលើកឡើងផងដែរពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ ដែលត្រូវយកចិត្តទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដោយជំហរអព្យាក្រិត​ មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ។

អ្នកតំណាងរាស្រ្តក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកចូលរួមទាំងអស់យកចិត្តទុកដាក់ ជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសំគាល់ ឱ្យបានគ្រប់ៗគ្នាដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។