ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បើកកិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សខេត្ត ដើម្បីត្រួតពិនិត្យការងារកន្លងមកឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ ២០១៨ និងណែនាំអនុវត្តន៍ផែនការបន្តស្តីពីការបើកយុទ្ធនាការឃោសនា គួបជាមួយបុណ្យរំលឹកខួបលើកទី ៦៧ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា


កិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សខេត្ត បានដំណើរការជាបន្ទាន់នារសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ ដើម្បីត្រួតពិនិត្យការងារកន្លងមកឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ ២០១៨ និងណែនាំអនុវត្តន៍ផែនការបន្តស្តីពីការបើកយុទ្ធនាការឃោសនា គួបជាមួយបុណ្យរំលឹកខួបលើកទី ៦៧ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា និងដំណើរការឃោសនា រហូតដល់ថ្ងៃបោះឆ្នោត។

ឯកឧត្តមបានសង្កត់ធ្ងន់ឲ្យគ្រប់ក្រុមការងារចុះស្រុក ក្រុង ឃុំ សង្កាត់ យកចិត្តទុកដាក់ប្រើប្រាស់កម្លាំងសរុប ថវិការ សរុប និង មធ្យោបាយសរុប ដើម្បីអនុវត្តយុទ្ធនាការបោះឆ្នោត ឲ្យអស់លទ្ធភាព និងស្មើដៃគ្នាក្នុងដំណាក់កាលចុងក្រោយនេះដើម្បីដណ្តើមជ័យជំនះត្រចពត្រចង់ ។

កិច្ចប្រជុំនេះក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ដោយមានការចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍ ប្រធានអនុប្រធានគណៈទាំង៥ អភិបាលរងខេត្តជាសមាជិកគណបក្ស ប្រធានគណបក្សក្រុង ប្រធានគណបក្សសង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ ប្រធានគណៈកម្មាធិការសាខាគណបក្សតាមមន្ទី អង្គភាព ជុំវិញខេត្ត ដែលជាក្រុមការងារចុះឃុំសង្កាត់ សរុប ៧១នាក់ ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការ គណបក្សខេត្ត ស្ថិតនៅភូមិ ពាល ញែក ១ សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រយៈពេល ៣ ម៉ោង ដោយទទួលលទ្ធផលខ្ពស់ និងមានភាពស្និទ្ធស្នាលក្រៃលែង ។