គ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ


នៅចុងសប្តាហ៍ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១ពាន់១២០នាក់ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប និង អំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គោកចក ក៏ដូចជាទូទាំងខេត្តផងដែរ និង ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន ។

ឯកឧត្តមបណ្ឌិតបន្តទៀតថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា។ នៅគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានសំណូមដល់ប្រជាពលរដ្ឋ ដែលមានភូមិដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ( តំបន់អប្សរា ) សូមមានការអព្យាស្រ័យចំពោះអាជ្ញាធរមូលដ្ឋាន ដោយបច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើមី្បជាការបំពេញនូវតម្រូវការចាំបាច់របស់បងប្អូនផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកពីសភាពការណ៍នយោបាយ ក្នុង និងក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានជម្រុញឲ្យបង ប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។

កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជា ជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារ បានសន្តិភាព និង ការអភិវឌ្ឍមូលដ្ឋាន និង ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌរបស់ខ្លួន និង ត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និង រួមគ្នាការពារសន្តិសុខសុវត្ថិភាព និង ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ១ពាន់១២០នាក់ ម្នាក់ៗ ២០ពាន់រៀលផងដែរ ៕