សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍ទីផ្សារស្រូវ អាជីវករ និងពាណិជ្ជករក្នុងខេត្តបាត់ដំបង ជាង ២០,០០០ នាក់នៅបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង


នាព្រឹកថ្ងៃ សៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍ទីផ្សារស្រូវ អាជីវករ និងពាណិជ្ជករក្នុងខេត្តបាត់ដំបង នៅបរិវេណ ព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិករាជរដ្ឋាភិបាល ក្រុមការងារចុះជួយក្រុង ស្រុក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាសហគមន៍កសិករមកពី២៤ឃុំ ៦ស្រុក ក្នុងខេត្តបាត់ដំបង ចំនួនជាង ២០,០០០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

តាមរបាយការណ៍របស់ លោកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានឲ្យដឹងថា ធនាគារស្រូវបាននឹងកំពុងរៀចំបង្កើតសហគមន៍នៅតាមមូលដ្ឋានគោលដៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ពិធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ។ ដោយឡែកសម្រាប់ខេត្តបាត់ដំបង ធនាគរស្រូវបានបង្កើតសហគមន៍ប្រជាកសិករក្នុង ៧ស្រុក មាន៥៤ឃុំ ស្មើនឹង ៦៣,០០០ គ្រួសារ ។ ការបង្កើតសហគមន៍នេះគឺមានគោលបំណង ក្នុងការរៀបចំទីផ្សារស្រូវជូនបងប្អូនប្រជាកសិករ និងរួមចំណែកក្នុងការដោះស្រាយនូវបញ្ហាប្រឈមទៅលើកត្តាតម្លៃថ្លៃដើមក្នុងការផលិត កត្តាទីផ្សារ ជាពិសេសទៅលើតម្លៃ ។ ក្រុមហ៊ុនបានធ្វើឡើងដើម្បីប្រយោជន៍របស់សហគមន៍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចមូលដ្ឋានរបស់កសិករ តាមរយៈតាមរយពកិច្ចសហប្រតិបត្តិការជាដៃគូរ ។

ក្នុងពិធីនេះផងដែរ ប្រជាកសិករ តំណាងឲ្យសហគមន៍កសិករក្នុងខេត្ត បានសំណូមពរ និងសុំជួយអន្តរាគមន៍ពីសម្តេចក្រឡាហោម ដើម្បួជួយដោះស្រាយនៅបញ្ហាមួយចំនួននៅក្នុងសហគមន៍ ដូចជា ផ្លូវចូលស្រែ ប្រឡាយទឹក(ប្រឡាយជើងក្អែប) បញ្ហាតម្លៃពូជ ជី ថ្នាំសម្លាប់សត្វល្អិត និងការដឹកជញ្ជូន ។

សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ និងទទួលយកនូវសំណូមពរទាំងនេះ និងនូវតែបន្តជួយដោះស្រាយជាបន្តបន្ទាប់ រាល់បញ្ហាដែលប្រជាកសិករ ក៏ដូចជាសហគមន៍កសិករ បានជូបប្រទះ ។ សម្តេចក៏បន្តជំរុញឲ្យអាជ្ញាខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន បន្តជួយដោះស្រាយបញ្ហាប្រឈមផ្សេងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលាផងដែរ ជាពិសេស មន្ទីរជំនាញ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមឲ្យមានការសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះ ។

ជាចុងក្រោយសម្តេចក្រឡាហោម ក៏នៅតែបន្តអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រោះថាការបោះឆ្នោតនេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ គឺមិនឲ្យមានសង្គ្រាមកើតឡើងវិញឡើយ និងបន្តមានការអភិវឌ្ឍ រីកចម្រើនបន្តទៅមុខថែមទៀត ។