ក្រុមប្រឹក្សាអង្គចៅក្រម ដាស់តឿនក្រមសីលធម៌ចៅក្រម ព្រះរាជអាជ្ញា


Court 19 08 16 2 copy

     អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា ចាំបាច់ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ ដើម្បីឲ្យសក្តិសមនឹងតួនាទី ភារកិច្ចស្វែងរកយុត្តិធម៌ ក្នុងសង្គម និងដើម្បីទទួលបាននូវជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធយុត្តិធម៌ ។

     ចៅក្រម ព្រះរាជអាជ្ញាមួយចំនួននាពេលកន្លងមក បានរងការរិះគន់ថា បានអនុវត្តការងារមានភាពឆកល្វែង ក្នុងកត្តាក្រមសីលធម៌ ដែលបណ្តាលឲ្យមានការប៉ះពាល់ដល់កិត្តិយស និងជំនឿទុកចិត្តពីសាធារណៈជនមកលើវិស័យយុត្តិធម៌ ។ ប្រសាសន៍អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឯកឧត្តម សំ ប្រជាមានិត បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីក្រមសីលធម៌ចៅក្រម នៅថ្ងៃ ទី១៨ ខែសីហានេះ នៅសណ្ឋាគារឯកជនមួយក្នុងរាជធានីភ្នំពេញ ។

     សិក្ខាសាលាដែលមានរយៈពេល ២ថ្ងៃនេះ បានធ្វើឡើងដោយមានការចូលរួម ពីសមាជិកនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ឯកឧត្តម អ៊ិត រ៉ាឌី… តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា… ចៅក្រម ព្រះរាជអាជ្ញា ប្រមាណជាង ១០០នាក់ ។

     អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម សំ ប្រជាមានិត  បានថ្លែងថា ក្រមសីលធម៌ គឺជាបទដ្ឋានគ្រឹះ ក្នុងការពង្រឹងការទទួលខុសត្រូវ ក្នុងមុខងារជាចៅក្រម និងព្រះរាជ្ញា ។ លោកបានបន្តថា ដូច្នេះដើម្បីឲ្យសក្តិសមនឹងតួនាទី ភារកិច្ច ស្វែងរកយុត្តិធម៌ក្នុងសង្គម ចៅក្រម ព្រះរាជអាជ្ញា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន ដើម្បីទទួលបាននូវជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធយុត្តិធម៌ ។ ឯកឧត្តមបញ្ជាក់ពីគោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីសិក្សាស្វែងយល់រួមគ្នាឡើងវិញ ដើម្បីបង្កើននូវប្រសិទ្ធភាព នៃការអនុវត្តក្រមសីលធម៌សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ឲ្យកាន់តែប្រសើរឡើងវិញ និងរួមចំណែករំលឹកឡើងវិញ អំពីអ្វីដែលចៅក្រម ព្រះរាជអាជ្ញា ត្រូវចងចាំ ត្រូវប្រតិបត្តិ ការរៀបចំឥរិយាបថ របស់ខ្លួននៅក្នុងនិងក្រៅតុលាការ ក្នុងក្របខណ្ឌវិជ្ជាជីវៈ ជាចៅក្រម និងព្រះរាជអាជ្ញា ។

     សមាជិកនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ឯកឧត្តម អ៊ិត រ៉ាឌី បានមានប្រសាសន៍ថា ក្រមសីលធម៌នេះ ត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ២០០៧ មក ហើយចៅក្រមមួយចំនួនបានភ្លេចខ្លួនពីការអនុវត្ត នូវក្រមសីលធម៌នេះ ។ ឯកឧត្តមបន្តថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីរំលឹកឡើងវិញដល់ចៅក្រម ព្រះរាជអាជ្ញា ឲ្យប្រកាន់ខ្ជាប់នូវ ការអនុវត្តក្រមសីលធម៌របស់ខ្លួន ។ ឯកឧត្តម អ៊ិត រ៉ាឌី បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្នគេបានទទួល បណ្តឹងជាង ១០០បណ្តឹង ពីប្រជាពលរដ្ឋលើក្រមសីលធម៌របស់ចៅក្រម ។ ឯកឧត្តមបន្តថា មានចៅក្រមមួយចំនួន បានទទួលរងការដាក់ពិន័យ និងក្នុងនោះក៏មានបណ្តឹងមួយចំនួន គេរកឃើញថាគ្មានកំហុសផងនោះដែរ។

Court 19 08 16 3 copy  Court 19 08 16 4 copy

Court 19 08 16 5 copy  Court 19 08 16 6 copy

Court 19 08 16 7 copy  Court 19 08 16 8 copy

Court 19 08 16 9 copy  Court 19 08 16 10 copy