ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញពិភាក្សាការងារជាមួយក្រុមការងារ ថ្នាក់ភូមិ-ឃំុ និងប្រជាការពារ ដើម្បីរៀបចំផែនការការពារ និងរក្សាសណ្តាប់ធ្នាប់ សម្រាប់យុទ្ធការឃោសនាបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្ត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ


នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ បានអញ្ជើញពិភាក្សាការងារជាមួយក្រុមការងារ ថ្នាក់ភូមិ-ឃំុ និងប្រជាការពារ ដើម្បីរៀបចំផែនការការពារ និងរក្សាសណ្តាប់ធ្នាប់ សម្រាប់យុទ្ធការឃោសនាបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្ត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ នៅសាលាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមការងារឲ្យជូនសារទៅគ្រប់គ្រួសារ គ្រប់ប្រជាពលរដ្ឋ កំុឲ្យចាញ់បោកពួកខិលខូចមួយចំនួនដែលប្រើគ្រប់វិធីក្នុងការបំភ័យប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត តែត្រូវជឿជាក់លើការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលសព្វថ្ងៃវិញ។
ក្នុងឱកាសនោះដែរឯកឧត្តមបាននាំយកអំណោយមួយចំនួនទៅចែកជូនប្រជាពលរដ្ឋ និងក្រុមការងារចំនួន០៩ភូមិមានដូចជា – ចាន ៥០០ចាន/ភូមិ -ស្លាបព្រា ១០០ដើម/ភូមិ -វែកសម្លរ ១០ដើម/ភូមិ និងអ្នកចូលរួមក្នុងអង្គពិធីចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០ រៀល។
ឯកឧត្តម ក៏បានឧបត្ថម្ភដល់ការជួសជុលផ្លូវតាមភូមិរួមមាន÷ -ភូមិទម្លាប់ខ្ពស់ត្បូង ចំនួន២០ឡាន -ភូមិទម្លាប់ខ្ពស់ជើងចំនួន ០៥ឡាន -ភូមិសេរីសុខា ចំនួន០៥ឡាន -ភូមិជ្រៃមង្គលចំនួន០៥ឡាន -ភូមិព្រៃសំរោង ចំនួន០៥ឡាន -ភូមិពងទឹក ចំនួន០៥ឡានផងដែរ៕