សម្តេចទស្សនកិច្ចខេត្តត្បូងឃ្មុំ និងកំពង់ចាម


HS 24 08 16 2 copy

     សម្តេចបានធ្វើដំណើរទស្សនកិច្ចទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហានេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទូទាំងរាជធានី-ខេត្ត ទាំង២៥ តាមមធ្យោបាយរថយន្ត ដើម្បីចុះពិនិត្យ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ។ ដំណើរទស្សនកិច្ចក្នុងខេត្តទាំង២នេះ បានរួមដំណើរជាមួយនឹងបុត្រាច្បងរបស់សម្តេច គឺបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ ។

     ក្នុងគេហទំព័រ សម្តេចតេជោ ហ៊ុន សែន បានសរសេររំលឹកថាថ្ងៃទី២៣ សីហានេះ គឺជាខួបរំលឹក ៤១ឆ្នាំ នៃហេតុការណ៍ ដែលគ្រូពេទ្យបានវះកាត់យកកែវភ្នែកឆ្វេងរបស់សម្តេច ក្រោយការប្រយុទ្ធមួយនៅសមរភូមិ ក្នុងអតីតកាលកន្លងមកនេះ ។ ភ្នែកខាងឆ្វេងរបស់សម្តេចបានរងរបួសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងសមរភូមិមួយ នៅក្បែរគល់ស្ពានគីហ្សូណា ។ រហូតដល់ថ្ងៃទី២៣ ខែសីហា ភ្នែករបស់សម្តេចបានទទួលការវះកាត់នៅកន្លែងព្យាបាលមួយ ដែលពេលនោះស្ថិតក្នុងទីតាំងសាលារៀន នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាបច្ចុប្បន្ននេះ ។

     គេហទំព័ររបស់សម្តេចបានសរសេរថា ដំណើរបំពេញការងារនៅខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ គឺមិនឆ្ងាយពីទីកន្លែងនៃការឈឺចាប់ ដែលសម្តេចបានជួប រាប់ទាំងគល់ស្ពានគីហ្សូណា ដែលសម្តេចត្រូវរបួសកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ។ សម្តេចបានសរសេរថា ការឈឺចាប់ ពិតជាពិបាកថ្លាថ្លែងរបស់ជនពិការដូចរូបសម្តេច និងជនពិការដទៃទៀត ដែលមិនអាចរកអ្វីមកបំពេញជំនួសបានឡើយ ។ សម្តេចបានស្នើសុំកុំឱ្យមានការប្រើពាក្យប្រមាថ មកលើជនពិការដូចជា ប្រើពាក្យអាខ្វាក់ អាកំបាក់ អាកំបុត អាខ្វិន អាគរ អាថ្លង់ ជាដើម ដែលសុទ្ធជាពាក្យដែលជនពិការឈឺចាប់ ជាងពេលត្រូវរបួសទៅទៀត ។

     នៅរសៀលថ្ងៃ២៣ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាព សាលាបឋមសិក្សាល្វា និងអនុវិទ្យាល័យល្វាលើ ស្ថិតក្នុងឃុំល្វាត្បូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងឱកាសចុះពិនិត្យមើល សមិទ្ធផលនានា ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមតំណក់ទឹកភ្លៀង សម្តេចតេជោ បានសម្រេចឧបត្ថម្ភសាងសង់ទីចាត់ការ ១ខ្នង មាន ៣បន្ទប់, សាលា ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់, ផ្ទះសម្រាប់គ្រូ ៣ល្វែង, ខ្លោងទ្វារ និងរបងជុំវិញសាលា និងបន្ទប់ទឹកមួយចំនួនផងដែរ បើសិនមានការខ្វះខាតផងដែរ ។

HS 24 08 16 3 copy

HS 24 08 16 4 copy