អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា កម្ពស់ ៧ជាន់ដ៏ថ្មីស្រឡាង នឹងលេចរូបរាងនៅចុងឆ្នាំ២០១៩ ស្របពេលដែលកម្ពុជាកំពុងបោះជំហានជាវិជ្ជមានលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម


ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរុះរើសំណង់អគារចាស់នៃអតីតរោងចក្រស័ង្ខសីបូពា៌ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ តំបន់ចក្រអង្រែក្រោម ដើម្បីយកទីតាំងសម្រាប់ការសាងសង់អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា កម្ពស់ ៧ជាន់ដ៏ថ្មីស្រឡាងមួយ ដែលគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅក្នុងរយៈពេល ១៨ខែ ពោលគឺនៅចុងឆ្នាំ២០១៩ ខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានអញ្ជើញក្នុងពិធីនេះ បានថ្លែងឱ្យដឹងថា អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា កម្ពស់ ៧ជាន់ ដែលនឹងត្រូវសាងសង់លើទីតាំងនៃដីអតីតរោងចក្រស័ង្ខសីបូពា៌ គឺជាសមទ្ធិផលថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់វិស័យស្តង់ដារកម្ពុជា ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សព្វថ្ងៃវិស័យស្តង់ដារនៅកម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០១៧ ស្តង់ដារផលិតផលចំនួន ៨៦៨ ត្រូវបានអនុម័តដាក់ឱ្យអនុវត្ត ឆ្លើយតបយ៉ាងឆាប់រហ័សនៅនឹងសំណូមពរប្រើប្រាស់ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារ ហើយចំនួននេះមានសន្ទុះកើនឡើងរហូតដល់ទៅ ២៣ដង ក្នុងរយៈពេល ៥ឆ្នាំ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ដែលមានត្រឹមតែ ៣៨ស្តង់ដារតែប៉ុណ្ណោះ។

ជាងនេះទៅទៀត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកការពង្រឹងស្តង់ដារគុណភាពផលិតផលទំនិញ គឺជាកាត្វកិច្ច និងជាការងារអាទិភាពមួយរបស់ក្រសួង ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក្នុងពេលដែលយើងត្រូវជំនះរបាំងបច្ចេកទេស សម្រាប់គោលដៅនៃការធ្វើពិពិធកម្មទីផ្សារផលិតផលរបស់យើង។

គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា នឹងលេចរូបរាងនាពេលខាងមុខដ៏ខ្លីនេះ គឺចំបរិបថដែលប្រទេសកម្ពុជា កំពុងបោះជំហានជាវិជ្ជមាន លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យនេះបានក្លាយជាសរសរស្តម្ភមួយយ៉ាងសំខាន់ និងរឹងមាំ រួមចំំណែកក្នុងកំណើតសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកចក្រកម្ពុជា ដែលនឹងនាំប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។