អភិបាលខេត្តពោធិ៍សាត់ នឹងចេញលិខិតបញ្ជាក់ជូនបងប្អូនអាជីវករ ឲ្យលក់ដូរក្នុងផ្សារអស់មួយជីវិត តកូនតចៅ នាពេលឆាប់ៗនេះ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តមនឹងចាត់ឲ្យអភិបាលរងខេត្តម្នាក់ រៀបចំក្រុមការងារ ចុះធ្វើលិខិតបញ្ជាក់តូប ជូនអាជីវករទាំងអស់ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុញ្ញាតឲ្យអាជីវករលក់ដូរអស់មួយជីវិត តកូនតចៅ ហើយលិខិតបញ្ជាក់នេះ បងប្អូនអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើន សេដ្ឋកិច្ចគ្រួសារបាន។ បន្ថែមពីនោះ ឯកឧត្តមនឹងរៀបចំប្រព័ន្ធអគ្គិសនី បណ្តាញលូក្នុងផ្សារ ជាមួយនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព កង្ហារបឺតកម្តៅ និងបណ្តាញទឹកដែលបានរៀបចំហើយ ក្នុងគោលបំណងបង្ការការបាត់បង់ទ្រព្យសម្បត្តិ ជាញើសឈាមរបស់អាជីវករ ដែលខំរកទាំងដៃទទេ ក្រោយរបបប្រល័យពូជសាសន៍ ពល ពត។

ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់បែបនេះ នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអាជីវករផ្សារថ្មី និងផ្សារចាស់ ជាង២ពាន់នាក់ នៅបរិវេណសាលាខេត្តពោធិ៍សាត់។

ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាមេគ្រួសារអាជីវករផ្សារទាំង១១ទូទាំងខេត្ត ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការជួបជុំគ្នានាពេលនេះ ដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនពុកម៉ែ ជាអាជីវករ ដែលកន្លងមកនេះឯកឧត្តម តែងតែរមែងចុះជួបសំណេះសំណាល សួរសុខទុក្ខអាជីវករដោយផ្ទាល់ តែជួបដោយឡែក មិនបានជួបជុំជាលក្ខណៈប្រមូលផ្តុំ និងជាលក្ខណៈគ្រួសារធំបែបនេះទេ។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល និងសមិទ្ធផលធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្នុងទឹកដីខេត្តពោធិ៍សាត់ ដូចជាទំនប់ទី៣ និងទី៣ ទំនប់ដំណាក់អំពិល ទំនប់ចារឹក ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ផ្លូវជាតិលេខ៥៥ ផ្លូវកៅស៊ូជនបទ១០ខ្សែ ផ្លូវរថភ្លើងដែលនឹងត្រូវដាក់ដំណើរការនៅថ្ងៃស្អែកនេះ ផ្លូវវាងក្រុងជិត១០គីឡូម៉ែត្រ ជាមួយនឹងស្ពានអាកាសហោះកាត់ស្ទឹង។ មិនតែប៉ុណ្ណោះនៅមានសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលនឹងត្រូវធ្វើបន្តបន្ទាប់ ដូចជា៖ រៀបចំសួនច្បាររ៉បមាត់ស្ទឹង តម្លើងទូរទស្សន៍LED ទំហុំ១២x៦ម៉ែត្រ តម្លើងភ្លើងស្តុបបន្ថែម៥កន្លែងទៀត រៀបចំតំបន់ឧស្សាហកម្មវាលសម្តេចយស់ ធ្វើមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន…ហើយសព្វថ្ងៃនេះយើងកំពុងតែសាងសង់ទំនប់បង្ហៀរក្បាលហុង ដើម្បីបញ្ចាល់ទឹកសម្រាប់ប្រើប្រាស់ផ្នែកទឹកស្អាត វិស័យកសិកម្ម និងបម្រើដល់វិស័យទេសចរណ៍ ដល់ប្រជាពលរដ្ឋយើង។

ឯកឧត្តមបានជម្រាបជូនទៀតថា ក្នុងពេលខាងមុខ ខេត្តពោធិ៍សាត់ក៏មានរៀបចំពិធីប្រណាំងទូក ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងវិស័យឯកជន ក្នុងទូកនីមួយៗ មានចំណុះមនុស្ស២៤នាក់។

ឯកឧត្តម ម៉ៅ ធនិន សូមឲ្យបងប្អូនអាជីវករទាំងអស់ ស្រឡាញ់រាប់អានគ្នា ដូចគ្រួសារតែមួយ កុំលាបព័ណ៌គ្នា ដើម្បីថែរក្សាសន្តិភាព និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿនបន្ថែមទៀត ព្រមទាំងបានអំពាវនាវឲ្យពុកម៉ែបងប្អូន អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ របស់លោកជំទាវ ហ៊ុន ចាន់ធី ដល់អ្នកចូលរួមជាង២ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន សាងរុង១ផងដែរ៕