ផ្លូវដែកទិសពាយ្យប្រវែង១៦៦kmពោធិសាត់-ភ្នំពេញត្រូវបានដាក់អោយដំណើរការឡើងវិញក្រោយពីផ្លូវនេះអាក់ខានដំណើរការជាង៤៥ឆ្នាំ


កំពង់ឆ្នាំងៈ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថាៈ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែនរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសន្តិភាពពេញលេញបានផ្តល់ឱកាសអោយយើងអភិ
វឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យជាពិសេសស្របតាមយុទ្ធសាស្រ្តទាំង៤គឺទឹក ផ្លូវ ភ្លើងនិងធនធានមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងបែបនេះនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅស្ថានីយ៍រមាសស្រុកទឹកផុសខេត្តកំពង់ឆ្នាំងក្នុងពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ-ពោធិ៍សាត់ជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងអ្នកចូលរួមសរុបចំនួន៤០០នាក់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថាៈផ្លូវដែកពោធិ៍សាត់-ភ្នំពេញមាន ប្រវែង ១៦៦km ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ចំណាយ ២៣.៤ លានដុល្លារ ថវិកាជាតិ។ កំណាត់ផ្លូវដែកពីពោធិ៍
សាត់-ភ្នំពេញនេះមានស្ថានីយចំនួន ២០ រួមមានៈពោធិ៍សាត់-ទទឹងថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា-មានក -ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។ កណាត់ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចុះណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមានគម្រោងជាច្រើនទៀតក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជាៈ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិ
ភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាងសង់ទីលានកុងតែន័រផ្លូវដែកនៅស្ទឹងបត់ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គ.ម ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម។