ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបិទការប្រកួតបាល់ទះ ពានរង្វាន់គណ:ពង្រឹងស្រុកទ្រាំង


ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងនិង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះ ពានរង្វាន់គណ:ពង្រឹងស្រុកទ្រាំង នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជិតសាលាឃុំព្រៃស្លឹក ជាប់ផ្លូវជាតិលេខ ២។

ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថា ការប្រកួតបាល់ទះពានរង្វាន់គណ:ពង្រឹងស្រុកទ្រាំងនេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកទី៦៧ និងបំផុសចលនាយុវជនលេងកីឡាដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន ចេះសាមគ្គីគ្នា ព្រមទាំងលត់ដំខ្លួនឲ្យក្លាយជាអ្នកបន្តវេនជំនាន់ក្រោយ។

ឯកឧត្តមក៏បានជម្រាបជូនបងប្អូនដែលចូលរួមក្នុងពិធីទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលក្មេង ក៏ព្រោះតែប្រទេសយើងមានកម្លាំងយុវជនច្រើនរហូតដល់ទៅ ៧០% ហើយយុវជននេះហើយគឺជាអ្នកបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។ ឯកឧត្តមក៏បានជម្រុញដល់បងប្អូនយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពខ្លួនប្រកបដោយសក្តានុពល ចូលរួមក្នុងសង្គមដើម្បីសង្គមជាតិ គ្រួសារ និងសង្គមជាតិ។

ដោយឡែកឯកឧត្តម សុខ ផេង លើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ជាមួយគ្នានោះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។

សូមជម្រាបថាពានរង្វាន់បាល់ទះនេះចែកចេញជា ២ គឺ
១-ពានរង្វាន់បាល់ទះ យុវជនគណបក្សប្រជាជនកម្ពុជា ឃុំទាំង១៤ ក្នុងស្រុកទ្រាំង (វិ.ហ៊ុនសែន ពោធិអំពិល vs. វិ.សុខអាន ថ្នល់បំបែក)
២-ពានរង្វាន់បាល់ទះ វិទ្យាល័យ ទាំង៨ ក្នុងស្រុកទ្រាំង (យុវជនឃុំសន្លុង vs. យុវជនឃុំស្រង៉ែ)
ពានរង្វាន់លេខ ១ ចំនួន២រង្វាន់:
-ពានលេខ១ ចំនួន ១
-ថវិការង្វាន់លេខ១ ចំនួន ១.២០០.០០០៛
ពានរង្វាន់លេខ ២ ចំនួន ២រង្វាន់:
-ទង់រង្វាន់លេខ២ ចំនួន ១
-ថវិការង្វាន់លេខ២ ចំនួន ១.០០០.០០០៛
កីឡាករមិនទទួលបានលេខ ទទួលបាន សាប៊ូដុសខ្លួនម្នាក់ ១ដប សរុប ៣២៤ដប។
ជាមួយគ្នានោះឯកឧត្តម សុខ ផេង និងឯកឧត្តម សុខ ពុទ្ធវុធ ក៏បានប្រគល់ជូនទូរទស្សន៍ LG LED flat screen ទំហំ ៣២ អ៉ីញ ចំនួន ១៦គ្រឿង ជូនដល់គណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ២គ្រឿង និងជូនដល់គណបក្សឃុំចំនួន ១៤គ្រឿង ដើម្បីប្រើប្រាស់បម្រើការងារផ្សព្វផ្សាយ។