ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន ដែលមានទីតាំងស្ថិតនៅ ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋតំណាងឃុំក្នុងស្រុកវ៉ារិន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ៧១៥នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថាអគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធិផលទី៩ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកក្កដាឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៨។ អាគារនេះមានក្រឡាផ្ទៃសរុប ១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៤០០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន” ម្យ៉ាងវិញទៀតដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ ហើយសាខាបានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា -ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ញើញមកក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិននេះ បានចូលរួមថវិកាសរុបចំនួន ១០,០៨០,០០០ រៀល និង ៥,៦៧០ដុល្លារ ប្រគល់ជូនអនុសាខា ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតប្រធានបានឧបត្ថម្ភជូន៖
– ដូនជី តាជី២០នាក់ មា្នក់ៗ៖ សំពត់ស១ដុំ ថវិកា ២ម៉ឺនរៀល
– ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត ៤៥៥នាក់ មា្នក់ៗ៖ សារុង១ ថវិកា ១ម៉ឺរៀល
– យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ១០០នាក់ ម្នាក់ៗ ៖ សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀលផងដែរ។