អបអរសាទរខួប១០ឆ្នាំ កាយរឹទ្ធិជាតិកម្ពុជា ចូលជាសមាជិកពេញសិទ្ធរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ


រាជធានីភ្នំពេញ៖ កាយរឹទ្ធិជាតិកម្ពុជា បានចូលជាសមាជិកពេញសិទ្ធរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ រយៈពេល១០ឆ្នាំ ខណៈដែលសមាជិកកាយរឹទ្ធជាតិកម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លើយតបនឹង “គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា” សំដៅជំរុញចលនាកាយរឹទ្ធិឱ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាប់ការងារអប់រំ និងការហាត់ពត់លត់ដំ ទាំងគំនិតប្រាជ្ញាស្មារតី ព្រមទាំងកាយសម្បទារបស់យុវជនកម្ពុជាឱ្យសកម្មខ្លាំងក្លាថែមទៀត។

ពិធីអបអរសាទរខួប១០ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ សូមជម្រាបថា កាយរឹទ្ធិជាតិកម្ពុជា ចូលជាសមាជិកពេញសិទ្ធរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨កន្លងទៅនេះ៕