អាជ្ញាធរបិទដីកាកោះសវនាការមុខផ្ទះ លោក កឹម សុខា


     អាជ្ញាធរបានយកដីកាកោះខ្លួន ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដើម្បីចូលសវនាការតុលាការយកទៅបិទមុខផ្ទះនៅថ្ងៃទី២៩ ខែសីហានេះ ។ យោងតាមដីកា ការកោះឱ្យចូលខ្លួនដើម្បីសវនាការតុលាការពីបទ “បដិសេធមិនចូលខ្លួន” នឹងត្រូវធ្វើនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨កន្លះព្រឹក នៅសាលាដំបូងរាជធានី។

     យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរ ការសម្រេចបិទដីកានៅមុខផ្ទះនេះ គឺបន្ទាប់ពីអាជ្ញាធរបានយកដីកាតុលាការនោះដល់ផ្ទះ លោក កឹម សុខា នៃអាស័យដ្ឋានលេខ៩៧ ផ្លូវ៣១៣ ក្រុមទី៣៤ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកមិញប៉ុន្តែគ្មានអ្នកទទួល ។

     សូមជំរាបថា លោក កឹម សុខា បានរងការចោទពីបទ “ បដិសេធក្នុងការចូលខ្លួន” ។ លោក កឹម សុខា ដែលរងការចោទអំពើក្បត់សីលធម៌ និងតម្លៃគ្រួសារ គឺជាបុគ្គលសំខាន់ក្នុងសំណុំរឿងសញ្ចារកម្ម ទាក់ទងនឹងរឿង កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំលោក កឹម សុខា ជាមួយនឹងគោលការណ៍មិនឆ្លើយ មិនឆ្លងនិងមិនឈ្លោះ បានព្យាយាមដោះខ្លួនមិនទទួលខុសត្រូវ ចេញពីការជាប់ពាក់ព័ន្ធរឿងអាស្រូវទាំងនោះ ដោយប្រកែក មិនសហការជាមួយនឹងសមត្ថកិច្ចតុលាការឡើយ ។ លោក កឹម សុខា បានបដិសេធក្នុងការចូលខ្លួន ក្រោយស្ថាប័នអយ្យការបានកោះហៅចំនួន២ ដងក្នុងឋានៈជាសាក្សីដើម្បីចូលមកបំភ្លឺ ។ ការបដិសេធទាំង២ដងនោះហើយ បាននាំឱ្យ លោក កឹម សុខា បានរងនឹងការចោទពីបទបដិសេធក្នុងការចូលខ្លួន ។

     សូមជម្រាបថា ក្រមព្រហ្មទណ្ឌមាត្រា៥៣៩ បានចែងការផ្តន្ទាទោសពីបទ “បដិសេធក្នុងការចូលខ្លួន”។ ក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ បានចែងថា “រាល់បុគ្គលដែលត្រូវបានកោះហៅ ឱ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រម ស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយបើមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ទៅ១លានរៀល ។

     កាលពីសប្តាហ៍មុន ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មប្រឆាំងនឹងការគ្រោងកាត់ ទោសនោះដោយនិយាយថា លោក កឹម សុខា នៅតែមានអភ័យឯកសិទ្ធិសភា ហើយការជំនុំជម្រះដោយមិន ទាន់លើអភ័យឯកសិទ្ធិសភាជាមុន គឺជាការរំលោភលើច្បាប់ ។ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ថែមទាំងបាននិយាយការពារដែរថា ការដែល លោក កឹម សុខា គ្រាន់តែមិនបានទៅកាន់តុលាការដោយផ្ទាល់ ដើម្បីឆ្លើយតបបំភ្លឺ ក្នុងនាមជាសាក្សី មិនអាចចាត់ទុកជាបទល្មើសជាក់ស្តែងនោះឡើយ ។

Soka Isue 30 08 16 2 copy