ឯកឧត្តម សួស យ៉ារ៉ា៖ សង្ឃឹមទទួលជ័យជំនះ ព្រោះកម្មករនឹងបោះឆ្នោតឲ្យ ដោយសារគោល នយោបាយ ផ្តោតលើកម្មករជាចម្បង


ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បក្សនឹងបន្តទទួលជ័យជំនះ លើការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិទី៦នេះទៀត ដើម្បីបន្តដឹកនាំមាគ៌ា កម្ពុជាឲ្យឆ្ពោះទៅ រកភាពរីកចំរើនបន្ថែម។

ការបង្ហាញក្តីសង្ឃឹមរបស់អ្នកនាំពាក្យរូបនេះ ដោយសារកម្មករ នឹងបោះឆ្នោតឲ្យ គណបក្ស ព្រោះគោលនយោបាយ របស់បក្សបានផ្តោតលើពួកគេជាចម្បង ខណៈសម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សបានដាក់ចេញគោលនយោបាយថា បើបក្សទទួលជ័យជំនះ នឹងបើកប្រាក់ខែឲ្យកម្មករ និងមន្រ្តីរាជការគ្រប់ប្រភេទ ក្នុងរយៈពេល២សប្តាហ៍ម្តង ឲ្យដូចទៅនឹង បណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ។ ក្នុងនោះក៏បន្តប្រកាស មិនយកពន្ធដីពីពលរដ្ឋផងដែរ។

ការអះអាងពីគោលនយោបាយរបស់បក្សនេះ ក្រោយពេលដែលសម្តេចតេជោ ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយមុនការបោះឆ្នោត បានធ្វើដំណើរស្ទើរតែជុំវិញប្រទេសដើម្បីចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានា។

នៅពេលសួរថា តើការចុះជួបកម្មកររបស់សម្តេចតេជោនេះ ដើម្បីទាក់ទាញសំឡេងឆ្នោតពីកម្មករ ព្រោះការបោះឆ្នោតមុនៗ គឺកម្មករបានបោះឆ្នោតគាំទ្រ សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា តើនេះជាយុទ្ធសាស្រ្តថ្មីៗ?

ឯកឧត្តម សួស យ៉ារ៉ា បានឆ្លើយតបថា មិនដូច្នេះទេ នេះគឺជាការជួបក្នុងបរិយាកាសយ៉ាងស្និតស្នាលរវាងមេដឹកនាំ និងពលរដ្ឋតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ខែកម្មករបានឡើងជាបន្តបន្ទាប់ពីជាង៣០ដុល្លារ រហូតមកដល់ជិត២០០ដុល្លារក្នុងមួយខែ។ លោកថា ទោះបីជាអតីតមេបក្សធ្លាប់ស្រែកទាមទារឲ្យដំឡើងប្រាក់កម្មករ ប៉ុន្តែការឡើងនេះ មិនមែនតាមការស្រែករបស់អតីតបក្សប្រឆាំងនោះទេ គឺគោលនយោបាយរបស់បក្សកាន់អំណាចមានជាយូរមកហើយ។