រដ្ឋមន្រ្តី ថោង ខុន៖ ជើងហោះហើរត្រង់ពីជប៉ុន ជាជោគជ័យធំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើទៅជប៉ុន


Japan Air 02 09 16 2

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានឱ្យដឹងថា ការសម្រេចបានការតភ្ជាប់ជើងហោះហើរត្រង់ពីជប៉ុន មកកម្ពុជា គឺជាជោគជ័យដ៏ធំមួយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើទៅ លោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីពេលកន្លងទៅ។

ការលើកឡើងពីភាពជោគជ័យនេះ ត្រូវបានធ្វើឡើងក្នុងពិធី បើកសម្ភោធជើងហោះហើរត្រង់ពីជប៉ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោករដ្ឋមន្រ្តីបានថ្លែងថា នេះជាប្រវត្តិសាស្រ្តដំបូងនៃការហោះហើរត្រង់ពីជប៉ុន មកកម្ពុជា ហើយកម្ពុជាក៏រំពឹងថា តាមរយៈជើងហោះហើរត្រង់នេះ ប្រាកដជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកើនឡើងថែមទៀត ដោយឡែកទេសចរកម្ពុជា ក៏មានការកើនឡើង ក្នុងការទៅទស្សនានៅជប៉ុនដែរ។

លោកថា «ការសម្រេចការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺជាផលិតផលដ៏ធំមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ពិសេស នេះជាជោគជ័យដ៏ធំមួយទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើទៅ លោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីឱ្យមានជើងហោះហើរត្រង់ពីជប៉ុន មកកម្ពុជា»

រយៈពេល ៦ខែ ដើមឆ្នាំ ២០១៦ កម្ពុជាទទួលបានភ្ញៀវជប៉ុន ៩០,៨៧៧ នាក់ កើនឡើង ០.៣ភាគរយ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងទាញយកភ្ញៀវជប៉ុនឱ្យបានជាង ៣០ម៉ឺននាក់ ព្រមទាំងវិនិយោគិនច្រើននាក់ទៀត។

ជាមួយគ្នានេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អ្នកដំណើរក្នុងជើងដំបូងរបស់ក្រុមហ៊ុន ANA នៅថ្ងៃនេះ មានអ្នកដំណើរចំនួន ២៨០នាក់ ហើយពីពេលនេះតទៅ យន្តហោះរបស់ក្រុមហ៊ុននេះ នឹងធ្វើដំណើរ ១ជើងក្នុងមួយថ្ងៃ គឺចុះនៅម៉ោង ៣៖១០នាទីរសៀល និងចេញទៅវិញនៅម៉ោង ១០៖៥០នាទីយប់៕

Japan Air 02 09 16 3  Japan Air 02 09 16 4

Japan Air 02 09 16 5  Japan Air 02 09 16 6