នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំកំពង់ស្វាយ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយសមិទ្ធផល គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងចុះពិនិត្យសភាពការណ៍នៅតាមមណ្ឌលទាំង១៤ របស់គណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា បើសិនបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបន្តទៀត ចាប់ពីឆ្នាំ២០១៩នេះទៅ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំឱ្យមានការបើកប្រាក់ឈ្នួល និងប្រាក់បៀវត្សប្រចាំខែ ជូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន តាមប្រព័ន្ធធនាគារក្នុងរយៈពេល២សប្តាហ៍ម្តង ដើម្បីធានាឱ្យកម្មករ និយោជិត និងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម និងប្រាក់បៀវត្សនេះ ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតសមរម្យ ព្រមទាំងបើកប្រាក់ឈ្នួលពលកម្ម និងប្រាក់បៀវត្សនេះបានជាប្រចាំ និងដោយទៀងទាត់ តម្លាភាព គ្រប់ចំនួន ហើយទាន់ពេលវេលា សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។ ក្រៅពីនេះ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា នឹងដាក់ឱ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ បន្ថែមលើការផ្តល់កិច្ចគាំពារសង្គមដល់កម្មករ និយោជិត ដែលធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏នឹងដាក់ឱ្យអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេស ចាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ឯកឧត្តម ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស នឹងខិតខំពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស អភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ប្រកបដោយចីរភាព បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ និងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានជាង១%ក្នុង១ឆ្នាំ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលរក្សាសុវត្ថិភាពឃុំ សង្កាត់ឱ្យបានល្អ និងរឹងមាំ៕