ក្រសួងសុខាភិបាល៖ កម្ពុជាពេលនេះមិនមានអ្នកកើតហ្ស៊ីកាទេ


Sika 05 09 16 2 copy

     ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃនេះថា កម្ពុជាមិនមានអ្នករងជម្ងឺហ្ស៊ីកា នៅក្នុងឆ្នាំ២០១៦ នេះទេ បើ ទោះបីជាបណ្តាប្រទេសក្នុងអាស៊ីមួយចំនួន កំពុងជួបប្រទះនោះក្តី។ ការជូនដំណឹងអំពីករណីហ្ស៊ីកានេះ គឺនៅ ស្របពេលដែលក្រសួងទេសចរណ៍ បានអំពាវនាវឱ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នពេលធ្វើដំណើរចេញទៅ ទស្សនកិច្ចពិភពលោក ជាពិសេសប្រទេសដែលរងនឹងការកើតជម្ងឺហ្ស៊ីកា។

     ជម្ងឺហ្ស៊ីកាគឺជាជម្ងឺឆ្លងតាមរយៈមូស ខ្លាខាំ ដែលជាប្រភេទមូសបង្កអោយមានជម្ងឺគ្រុនឈាម ។ ក្រសួងសុខាភិបាលបានថ្លែងថា ចំពោះអ្នកដែលរងនឹងជម្ងឺហ្ស៊ីកា រោគសញ្ញាមានលក្ខណៈស្រដៀងនឹងជម្ងឺគ្រុនឈាម ដែរ ដូចជាគ្រុនក្តៅ ឈឺក្បាល មានកន្ទួល ក្រហម លើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម ។ ក្រសួងសុខាភិបាលបញ្ជាក់ថា ភាគច្រើនអ្នករងជម្ងឺនេះ នឹងជាសះស្បើយឡើងវិញក្នុងអម្លុងពេល ២ ទៅ ៧ថ្ងៃ និងអត្រាស្លាប់មានកម្រិតតិចតួចណាស់។

     នៅវេលាចុងក្រោយនេះ ករណីអ្នកកើតជម្ងឺហ្ស៊ីកានេះ មានភាគច្រើនបានកើតឡើងក្នុងប្រទេសសឹង្ហបុរីដោយ មានមនុស្សយ៉ាងហោចណាស់ ១៥១នាក់ បានកើតជម្ងឺនេះ… ក្នុងនោះរួមមានជនបរទេស ៥៧នាក់ មកពី៧ប្រទេសដូចជាបង់ក្លាដេស្ហ ១០នាក់… ចិន ២៣នាក់… ឥណ្ឌា១៥នាក់… ឥណ្ឌូណេស៊ីម្នាក់…ម៉ាឡេស៊ី ៦នាក់…មីយ៉ាន់ម៉ាម្នាក់ និងចិនតៃវ៉ាន់ម្នាក់ផងដែរ ។

     ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ី សេចក្តីរាយការណ៍បញ្ជាក់ថា ស្ត្រីម្នាក់ដែលទើប មកពីប្រទេសសឹង្ហបុរី ដោយសារទៅមើលកូនកើតជម្ងឺហ្ស៊ីកា ក៏បានរងនឹងជម្ងឺហ្ស៊ីកានេះផង ដែរពេលត្រឡប់មកក្នុងប្រទេសវិញ។ សេចក្តីប្រកាសព័ត៌មានមួយ របស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះនៅ កម្ពុជាមិនទាន់មានអ្នករងគ្រោះនឹងជម្ងឺនេះទេ…ប៉ុន្តែកម្ពុជាធ្លាប់មានអ្នករងជម្ងឺនេះ ៧ករណី រវាងពីឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១០ ។ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាជនកម្ពុជា ក្នុងស្រុកប្រុងប្រយ័ត្នអនុវត្តវិធានការណ៍ទប់ស្កាត់ និងអំពាវនាវឱ្យយអ្នកដែលធ្វើដំណើរទៅប្រទេសតំបន់អាហ្វ្រិក… អាមេរិកខាងត្បូង និងអាមេរិកកណ្តាល ដែលកំពុងមានករណីហ្ស៊ីកា ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការពារកុំឱ្យមានមូសខ្លាខាំនោះឡើយ ។