រដ្ឋមន្ត្រីការបរទេសកាណាដា បញ្ជាក់ពីជំហរបន្តសហការជាមួយកម្ពុជា


HS 05 09 16 2 copy

     រដ្ឋមន្ត្រីការបរទេសកាណាដា បានបញ្ជាក់ជំហរបន្តសហការជាមួយនឹងកម្ពុជា និងបានថ្លែងថា ប្រទេសកាណាដា បានត្រៀមលុយ ២ពាន់ ៦០០លានដុល្លារ សម្រាប់ជួយដល់ក្រីក្រដែលរងការប៉ះពាល់ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងកម្ពុជាផងដែរ ។ ប្រសាសន៍នេះ បានធ្វើឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី Stephane Dion នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងឱកាសចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។

     លោក Stephane Dion បានថ្លែងថា កាណាដាបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយកម្ពុជា ក្នុងនាមជាប្រទេសដៃគូដែលត្រូវតែរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានរឹងមាំ។ លោកបានថ្លែងទៀតថា ប្រទេសកាណាដា ពេញចិត្តកិច្ចសហការជាមួយកម្ពុជា អំពីបញ្ហាការប្រែប្រួលអាកាសធាតុ ដែលកាណាដា បានត្រៀមលុយជាង ២៦០០ លានដុល្លារ ដើម្បីជួយដល់ប្រទេសក្រីក្រ ដែលរងការប៉ះពាល់ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសកាណាដា បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីក្រុមហ៊ុនកាណាដាមួយចំនួន ដែលកំពុងវិនិយោគនៅកម្ពុជា រួមទាំងធនាគារហិរញ្ញវត្ថុ និង សេវាកម្មធានារ៉ាប់រងជាដើម ដែលកំពុងពង្រីកការវិនិយោគនៅក្នុងប្រទេស ។

     សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលកន្លងមកបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការបញ្ចប់សង្រ្គាម ស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ។ សម្តេចតេជោ បានមានប្រសាសន៍ជម្រាបជូន លោក Stephane អំពីគ្រោះធម្មជាតិដែលបានកើតនៅកម្ពុជា ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរន្ទះបាញ់ ដែលបានធ្វើឱ្យមានការប៉ះពាល់ដល់កម្ពុជាក្នុងឆ្នាំនេះ។

     ពាក់ព័ន្ធនឹងការបង្កាគ្រោះរាំងស្ងួត ដែលកម្ពុជាមិនធ្លាប់ជួបប្រទះសោះនាអតីតកាល គឺរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយុទ្ឋសាស្រ្តចែកចាយនិងផ្គត់ផ្គង់ទឹក ស្តារ និងជីកស្រះ និងអណ្តូងជាច្រើន នៅទូទាំងប្រទេស ជូនប្រជាពលរដ្ឋអស់រយៈពេល ៦០ថ្ងៃ។ សម្តេចតេជោសែនបញ្ជាក់ថា នេះគឺដោយសារបញ្ហាបម្រែបម្រួលធាតុអាកាស ដែលជាកង្វល់រួមរបស់ពិភពលោក ។ សម្តេចតេជោបានស្នើឱ្យកាណាដាជួយដល់កម្ពុជាលើបញ្ហានេះ និងបានស្នើសុំឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ទាំងឡាយ មានការទទួលខុសត្រូវកាន់តែខ្ពស់ឡើងថែមទៀត ពីព្រោះប្រទេសមួយចំនួនទាំងនោះ ដោយសារតែប្រើប្រាស់ធនធានធម្មជាតិជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ទើបបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការប្រែប្រួលអាកាសធាតុនៅជុំវិញពិភពលោក។

     សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបានស្នើប្រទេសកាណាដា ជួយដល់មជ្ឈមណ្ឌលមីនអាស៊ាន នៅកម្ពុជា និងស្នើសុំបន្តការពិភាក្សាជាមួយក្រសួងការបរទេសកម្ពុជា ដើម្បីរិតបន្តឹងនូវចំណងមិត្តភាពនិងសហ ប្រតិបត្តិការជាមួយគ្នាអោយកាន់តែល្អរឹងមាំ រួមទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ដែលនាំមកនូវផល ប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។