លោក ម៉ននី បណ្ឌិត បើកការដ្ឋានសាងសង់ផ្លូវបេតុង ១ ០៦០ម៉ែត ក្នុងក្រុងព្រៃវែង


នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវប៉េតុង ៣ខ្សែ ប្រវែង ១ ០៦០ម៉ែត្រ ( កំរាស់ ១.៥សង់ទីម៉ែត្រ និងទទឹង ៥.៥ម៉ែត្រ) ស្ថិតក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្រ្តីរាជការរដ្ឋបាលក្រុង ការិយាល័យជំនាញជុំវិញក្រុង កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីចៅ សង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង ២០០នាក់។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកអភិបាលក្រុង ក៏បានលើកឡើងពីការយកចិត្ដទុកដាក់ជាប្រចាំរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលជានិច្ចកាល តែងតែចុះពិនិត្យមូលដ្ឋាន សាកសួរសុខទុក្ខ និងគិតគូរអំពីការរស់នៅ របស់បងប្អូនប្រជាពល រដ្ឋក្នុងក្រុងព្រៃវែង ក៏ដូចជាខេត្តព្រៃវែង ទាំងមូល។