ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម កែវ រតនៈ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវគ្រួសក្រហម និងស្ពានបេតុងឆ្លងស្ទឹងពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង៧៥០០ម៉ែត្រ លូកាត់ផ្លូវ១៥កន្លែង ស្ថិតក្នុងឃុំអន្លង់វិល និងស្ពានបេតុងឆ្លងស្ទឹងពោធិ៍សាត់មួយកន្លែងទៀត មានប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាដោយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។

ពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តកញ្ជរខាងត្បូង ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋ ជិត៣ពាន់នាក់។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក អ៊ុំ មាស មេបញ្ជាការកងស្ថាបនាស្ពាន បានឲ្យដឹងថា នៅឆ្នាំ២០១៩ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅមានការដូរជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ គឺមានគម្រោងកសាងស្ពាន កូនប្រឡាយប្រវែង៤៥ម៉ែត្រ លូប្រអប់១កន្លែង និងកំណាត់ផ្លូវប្រវែង៧៥០០ម៉ែត្រ ស្ពាន១កន្លែង ប្រវែង៣០ម៉ែត្រ និងលូប្រអប់១កន្លែងថែមទៀត៕