ជប៉ុនជួយថវិកាជាង ១៣ម៉ឺនដុល្លារអាមេរិក


1

     រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយថវិកាចំនួន ១៣ម៉ឺន ៤ពាន់ ៥២៦ដុល្លារអាមេរិក ដើម្បីជួយថែទាំសុខភាពបឋម មាតានិងទារកនៅក្នុងខេត្តកំពង់ចាម ។ យោងតាមកិច្ចសន្យាផ្តល់ជំនួយ ចុះហត្ថលេខានៅថ្ងៃទី៥ ខែសីហានេះ ជំនួយរបស់រដ្ឋាភិបាលជប៉ុន បានផ្តល់តាមរយៈអង្គការមូលនិធិជប៉ុន ។

     ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ បានធ្វើនៅស្ថានទូតនារសៀលថ្ងៃទី៥ ខែកញ្ញានេះ រវាងឯកអគ្គរាជទូតវិសាមញ្ញរបស់ជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ និងលោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន ។

     ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ថា ក្នុងគម្រោងនេះ អង្គការមូលនិធិជប៉ុន នឹងពង្រឹងប្រព័ន្ធសុខភាពនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងការផ្តល់វគ្គបណ្តុះបណ្តាលជាច្រើន ដល់ឆ្មបកម្រិតមធ្យម តាមមណ្ឌលសុខភាពគោលដៅ ព្រមទាំងអ្នកស្ម័គ្រចិត្តសុខាភិបាលតាមភូមិមួយចំនួន ដែលស្ថិតនៅក្នុងស្រុកនេះផងដែរ ។ លោកបញ្ជាក់ថា អង្គការមូលនិធិជប៉ុន ក៏នឹងគាំទ្រដល់ការជួសជុល និងការកែលម្អ មណ្ឌលសុខភាព ព្រមទាំងបំពាក់នូវបរិក្ខារពេទ្យមួយចំនួន នៅក្នុងមណ្ឌលសុខភាពគោលដៅទាំងអស់នោះផងដែរ ។

     គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០០២ នោះមក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួនប្រមាណជា ២៦,១ លានដុល្លារអាមេរិក ដល់គម្រោងចំនួន៩៤ ដែលផ្ដោត សំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន… វិស័យសុខាភិបាល… កសិកម្ម និងសកម្មភាពបោសសំអាតមីន ។