ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ នៅវត្តអម្ពរផល ហៅវត្តចុងកោះ


ព្រឹកថ្ងៃច័ន្ទ ទី៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តី ទីប្រឹក្សា ជំនួយការ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តអម្ពរផល ហៅវត្តចុងកោះ ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកជំទាវ នាយិការងខុទ្ទកាល័យ និងមន្រ្តីខុទ្ទកាល័យ ក៏បានអញ្ជើញចូលគោរពវិញ្ញាណខ័ន្ធសពព្រះគ្រូចៅអធិការវត្ត ដែលបានសុគត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៨:២៥នាទីព្រឹក ក្នុងជន្មាយុ៨០វស្សា ដោយជរាពាធិ។
បន្ទាប់មកទៀត លោកជំទាវនាយិការងខុទ្ទកាល័យ ក៏បានអញ្ជើញចុះពិនិត្យមើលកំពង់ទឹកផ្លូវចុះទូកង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនវត្តចុងកោះផងដែរ។