លទ្ធផលថ្ងៃដំបូង នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ នៅទីក្រុងវៀងច័ន្ទ


Asean Lao 07 09 16 2

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានចាប់ផ្តើមឡើងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ  ២០១៦។ កិច្ចប្រជុំនៅរសៀលថ្ងៃទី០៦ ខែកញ្ញា មេដឹកនាំប្រទេសសមាជិកអាស៊ាន ដែលរួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរនោះ បានពិភាក្សាទៅលើបញ្ហាជាច្រើនពាក់ព័ន្ធជោគវាសនារបស់អាស៊ាន រួមនឹងបញ្ហាក្នុងតំបន់ ក៏ដូចជាបញ្ហាក្នុងសកលលោកផងដែរ។

បើតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលចេញផ្សាយនៅម៉ោង ១៖១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ បានទទួលលទ្ធផលគាប់ប្រសើរជាច្រើន។

ទំព័រ Facebook នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត។ ប្រមុខដឹកនាំអាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃការអនុវត្តផែនការលម្អិតឆ្នាំ២០២៥ នៃសហគមន៍ នយោបាយសន្តិសុខអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)  និងសហគមន៍សង្គម វប្បធម៌អាស៊ាន (ASCC) ឆ្ពោះទៅសម្រេចឲ្យបាន នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ។

នៅក្នុងសហគមន៍នយោបាយសន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាតួនាទីស្នូលអាស៊ាន និងឯកភាពក្នុងដំណើរការនិម្មាបនកម្មតំបន់ និងក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានបញ្ជាក់សាជាថ្មី ពីការតាំងចិត្តរបស់ខ្លួន ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត ដូចមានចែងក្នុងសន្ធិសញ្ញាតំបន់អាស៊ី-អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ និងធម្មនុញ្ញអាស៊ាន។

ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានបានអះអាងជាថ្មី នូវការតាំងចិត្តរបស់អាស៊ាន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃបទឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ ចំពោះការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-អាគ្នេយ៍របស់ប្រទេសឈីលី អេហ្សីប អីរ៉ង់ និងម៉ារ៉ុក ។

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងមេដឹកនាំអាស៊ាន បានធ្វើការកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបរួមរបស់អាស៊ាន គឺស្មើនឹង  ,៤៣ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០១៥ ដែលជាការពង្រឹងជំហរអាស៊ាន ឲ្យទៅជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចពិភពលោក ។  ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់ដោយរីករាយថា ឆ្នាំ២០១៦ ជាឆ្នាំដំបូងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រាល់កិច្ចខិតខំប្រឹងប្រែងត្រូវផ្តោតទៅលើការអនុវត្តឲ្យបានពេញលេញ នូវវិធានការដែលមិនទាន់បានអនុវត្តក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ក៏ដូចជាការចាប់ផ្តើមអនុវត្តវិធានការថ្មី នៅក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានអបអរសាទរចំពោះប្រទេសឡាវ ដែលបានសម្រេចដោយជោគជ័យ នូវអាទិភាពរបស់សហគមន៍ សេដ្ឋកិច្ចអាស៊ាន ក្នុងវេនជាប្រធានអាស៊ានឆ្នាំ ២០១៦ នេះ។ សហគមន៍សង្គម វប្បធម៌អាស៊ាន មេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មី  នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនៃផែនការលម្អិត និងសហគមន៍សង្គម វប្បធម៌អាស៊ាន ឆ្នាំ២០២៥។ ការអនុម័តសេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៦ ពិសេស  លើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ឲ្យផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងបរិស្ថានពហុភាគី នៅក្នុងកម្រិតតំបន់  និងអន្តរជាតិ។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានអនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅសាលា  និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំ ក្នុងឆ្នាំ ២០១៦-២០២០។

ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ មេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ការតភ្ជាប់អាស៊ានស្តីពីទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការអបសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតអាស៊ាននៅឆ្នាំ២០១៧ ដើម្បីជាការរំលឹកដល់កិច្ចសហប្រតិបត្តិការ និងការកសាងសហគមន៍អាស៊ានប្រាំទសវត្សរ៍កន្លងទៅ និងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំ២០១៧។

ក្នុងទំព័រ Facebook របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចថា សម្តេចតេជោ ហ៊ុន សែន បានខិតខំពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីថែរក្សាសុខសន្តិភាពក្នុងប្រទេស និងក្នុងតំបន់ដើម្បីផ្តល់ឱកាសដល់ប្រជាជាតិ ទាំងអស់ជំរុញការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ៕

[fusion_builder_container hundred_percent=”yes” overflow=”visible”][fusion_builder_row][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”]

[/fusion_builder_column][/fusion_builder_row][/fusion_builder_container]