ដោយមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងឃុំដូនកែវ ស្រុកពួក ដែលត្រូវធ្វើដំណើរកាត់ស្ពានចាស់ទ្រុឌទ្រោម ឆ្លងមកក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានស្ថាបនាស្ពានបេតុងថ្មី ដើម្បីជាប្រយោជន៍ដល់អ្នកឃុំដូនកែវទាំងមូល។ ស្ពានបេតុងថ្មីនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំដូនកែវ ទាំងរដូវប្រាំង និងវស្សា។
អស់ជាច្រើនឆ្នាំមកហើយ ដែលអ្នកឃុំដូនកែវ បានប្រើប្រាស់ស្ពានឈើមួយកន្លែង ដែលឆ្លងកាត់អូរដំរីស្លាប់ កាត់តាមផ្លូវលើខ្នងបារាយណ៍ខាងលិច មកកាន់ក្រុងសៀមរាប។ ស្ពានឈើមានសភាពទ្រុឌទ្រោម ហើយការធ្វើដំណើរមិនអំណោយផលទេក្នុងរដូវវស្សា ដោយសារទឹកជន់លិចខ្លាំង និងពេលខ្លះលិចភូមិដែលនៅជាប់នោះផង។
លោក រ៉ម វិចិត្រ បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបេតុងថ្មីនេះ គឺភ្ជាប់ពីឃុំដូនកែវ ទៅក្រុងសៀមរាប។ លោកបន្ថែមថា ស្ពានចាស់មានទំហំតូច ហើយការធ្វើដំណើរក្នុងរដូវវស្សាមានភាពលំបាក និងអាចគ្រោះថ្នាក់បើនៅបន្ដប្រើប្រាស់ជាបន្តទៀត។
ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃទី១៣ ខែកក្កដា លោក វិចិត្រ ពន្យល់ថា ស្ពានបេតុងថ្មីនេះគឺឆ្លងកាត់ប្រឡាយរំដោះទឹកជំនន់ពីក្រុងអង្គរ ក្រុងសៀមរាប ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក។ ដោយសារស្ពានតូច ធ្វើឱ្យមាត់ប្រឡាយរួមតូច ដូច្នេះពេលភ្លៀងខ្លាំងមានជំនន់ទឹកភ្លៀង តែងជន់លិចភូមិក្បែរៗនោះជានិច្ច។ ការស្ថាបនាស្ពានថ្មីនេះ អាជ្ញាធរជាតិអប្សរា បានស្ដារ និងពង្រីកមាត់ប្រឡាយ ដើម្បីសម្រួលចរន្តទឹក និងអាចរំដោះទឹកបានលឿនជាងពេលមុនៗ។
ស្ពានបេតុងថ្មីខាងលើចាប់ផ្តើមសាងសង់នៅចុងខែ មិថុនា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល៣ខែបន្ទាប់។ ស្ពាននេះមានប្រវែង ២៤ម៉ែត្រ និងទទឹង ៣,៥ម៉ែត្រ៕