អភិបាលខេត្តមណ្ឌលគិរី បាននាំយកប្រគេនទៀនព្រះវស្សាដល់វត្តអារាមទាំង២៧ ក្នុងខេត្តមណ្ឌលគិរី


អភិបាលខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សាដល់វត្តអារាមទាំង២៧ ក្នុងខេត្តមណ្ឌលគិរី
មណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៧ ក្នុងខេត្តមណ្ឌលគិរី ពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ ០៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការនាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ មកប្រគេនព្រះសង្ឃនេះ ត្រូវបានធ្វើឡើងនៅគ្រប់វត្តអារាមនៅទូទាំងខេត្ត ពីព្រោះព្រសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅទីណាបានទេក្នុងរយៈពេលបីខែនេះ។ ឯកឧត្តម បានបន្តថា ពិធីបុណ្យចូលព្រះវស្សានេះ ពុទ្ធបរិស័ទតែងតែនាំយក ទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាការចែករំលែកនូវការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងវត្តអារាម និងការលើកតម្កើងប្រជាពលរដ្ឋអោយចេះធ្វើបុណ្យទានអោយបានច្រើន ដើម្បីចូលរួមចំណែកការកសាង សមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យមានរីកចំរើនរុងរឿងផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវដល់ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ជំនឿ ប្រពៃណី ទំនៀមទំលាប់ និងសមិទ្ធផលនានាគ្រប់វិស័យ ដែលបានកសាងកន្លងមកនេះអោយបានយូរអង្វែងជាបន្តទៀត។
​ទេយ្យទានដែលបាននាំយកមកប្រគេនព្រះសង្ឃទាំងចំនួន២៧វត្តនេះ រួមមាន៖ទៀនព្រះវស្សាចំនួន១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនផងដែរ៕