ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម


នាវេលាម៉ោង ប្រាំបួនព្រឹក ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម ដឹកនាំដោយលោក ភុន រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ក្នុងគោលបំណងបង្ហាញជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍លើរបកគំហើញថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមានសារៈប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនៅម៉ាស៊ីនដ៏មានសារៈប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹងនូវកម្រិតជាតិពុលថ្នាំសត្វល្អិតជាង១,៧០០ប្រភេទ សារធាតុលោហៈធ្ងន់ភាគច្រើនប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។ របកគំហើញនេះ គឺជាសមត្ថផលថ្មីដំបូងគេបង្អស់ដែលផ្សារខ្មែរបានរកឃើញសម្រាប់បម្រើជូនប្រជាជនកម្ពុជាទទួលបាននូវផលិតផលដែលឆ្លងកាត់ការធ្វើតេស្តិ៍័ ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការតម្លើងនៅឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ ។ ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៍អាចចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សាលើបច្ចេកទេសដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី តម្លើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាពប្រជាជននៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបកគំហើញថ្មីរបស់ផ្សារខ្មែរខ្លួនដើម្បីជាទំនុកចិត្តដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្មនៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណើរនេះ ឯកឧត្តម វេង សាខុន បានបញ្ញាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេស អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយឧបត្ថម្ភតាមរយៈគម្រោងផ្សេងៗតាមលទ្ធភាព ព្រមទាំងបង្កើតឲ្យមានការចេញវិញ្ញាបនប័ត្រ(Certificate )ទទួលស្គាល់គុណភាពផលិតផល និងការធ្វើតេស្តិ៍ផ្សេងៗទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោលបំណងកសាងសេចក្តីទុកចិត្តដល់អតិថិជនក្នុងការទិញមកបរិភោគ និងជួយគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនតូចមួយនេះប្រកបដោយប្រសិទ្ធិភាព និងស័ក្កសិទ្ធិភាព។