កម្ពុជានឹងក្លាយជាតំបន់ទាក់ទាញឈានមុខលើពិភពលោកក្នុងវិស័យអេកូទេសចរណ៍សហគមន៍


រាជធានីភ្នំពេញ ៖ តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោកថា កម្ពុជានឹងក្លាយជាតំបន់ទាក់ទាញឈានមុខគេក្នុងការអភិវឌ្ឍអេកូ ទេសចរណ៍សហគមន៍ ដើម្បីជាប្រយោជន៍ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន រួមទាំងការពារ និងអភិរក្សធនធានធម្មជាតិ ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាបូកសរុបការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០១៦-២០១៧ នាថ្ងៃទី៥ កញ្ញា នៅសាលសន្និសីទចតុមុខ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នេះជាលើកទីមួយសម្រាប់ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់ ហើយជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់រួមគ្នាដល់ការអភិវឌ្ឍ អេកូទេសចរណ៍សហគមន៍ ឲ្យក្លាយជាផលិតផលទេសចរណ៍មួយមានភាពទាក់ទាញ ច្នៃប្រឌិត និងប្រកបដោយនិវានុវត្តភាព (Creative & Innovative) ជាពិសេស ជំរុញការអភិវឌ្ឍប្រកបដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវ ។
ឯកឧត្តមថ្លែងថា ៖ « ការអភិវឌ្ឍនោះក៏សំដៅធានានូវតុល្យភាព និរន្តរភាពនៃកិច្ចអភិរក្ស ការពារធនធានធម្មជាតិនិងបរិស្ថាន ការអភិវឌ្ឍនិងអភិរក្សសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិឱ្យក្លាយជាផលិតផលទេសចរណ៍ ដែលចូលរួមធ្វើឲ្យកម្ពុជាក្លាយជាតំបន់ដ៏ទាក់ទាញឈានមុខគេក្នុងការ អភិវឌ្ឍវិស័យអេកូទេសចរណ៍ សហគមន៍ទេសចរណ៍ ដើម្បីទ្រទ្រង់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ » ។
ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សក្នុងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព ។ វានឹងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមូលដ្ឋានអាចចូលរួមយ៉ាងសកម្មក្នុង ការសម្រេចចិត្ត និងទទួលផលប្រយោជន៍ដោយផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌ថែមទៀត ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកពីសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលទន្ទឹមនឹងការបញ្ចូលសកម្មភាពទេសចរណ៍ (អេកូទេសចរណ៍) ទៅក្នុងសហគមន៍មូលដ្ឋាន គេសង្កេតឃើញថា ប្រជាសហគមន៍ចាប់ផ្តើមទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិ ដូចជា ឈប់បរបាញ់សត្វ និងឈប់កាប់បំផ្លាញព្រៃឈើ ហើយងាកមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ ចូលរួមសកម្មភាពផ្សេងៗ និងចូលរួមធ្វើជាអ្នកល្បាតការពារសម្បត្តិដ៏មានតម្លៃផងដែរ ដើម្បីទទួលផលយូរអង្វែងសម្រាប់ខ្លួននាពេលបច្ចុប្បន្ន និងអនាគត រួមទាំងកូនចៅជំនាន់ក្រោយផងដែរ ៕