រាជធានីភ្នំពេញ ៖ សកម្មភាពស្តារប្រឡាយបឹងត្របែក បាន និងកំពុងដំណើរការយ៉ាងមមាញឹក ពីថ្ងៃទី៩ ខែកក្កដារហូតមកដល់ពេលនេះ អនុវត្តន៍បាន៧០% ហើយ និងកំពុងជម្រុញឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែទៀត ដើម្បីឲ្យទាន់ដំណើរការស្ថានីយបូមសាកល្បងរបស់ស្ថានីយបូមទឹកបឹង ត្របែកថ្មី ដែលកំពុងដំណើរការសាងសង់ និងគ្រោងបូមសាកល្បងនៅថ្ងៃទី១៣ ខែកញ្ញានេះ។
លោក ដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក និងបូមទឹក នៃមន្ទីរសាធារណៈការនិង ដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការស្តារប្រឡាយបឹងត្របែក បានចាប់ផ្តើមពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ មានបណ្តោយ ៩៧៨ម៉ែត្រ ទទឹងចាប់ពី១២ម៉ែត្រទៅ២៤ម៉ែត្រ និងមានជម្រៅ៣ម៉ែត្រ ចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយបូមបឹងត្របែក ដើម្បីសម្រួលប្រពន្ធ័ផ្លូវទឹកឲ្យហូរទៅកាន់ស្ថានីយឲ្យបានលឿន។
លោកបានបន្តថា ការស្តារនេះធ្វើឡើងស្របគ្នាទៅ នឹងដំណើរការបុកស៊ីផាយបេតុងទប់មាត់ប្រឡាយ និងដំណើរការសាងសង់ស្ថានីយបូមទឹកថ្មីនៅជាប់ស្ថានីយបូមទឹកបឹង ត្របែកចាស់ ហើយការងារទាំងនេះ យើងអនុវត្តដោយម៉ត់ចត់រួមទាំងការធ្វើផ្លូវបេតុងអមប្រឡាយ ហើយដឹកភក់ និងសំរាមចេញពីប្រឡាយ ។
លោក ដួង ចាន់សារ៉ាត បន្ថែមទៀតថា មកដល់ពេលនេះស្ថានភាពបឹងត្របែក កំពុងស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងនឹងឈានទៅបាត់រូបរាងតែ ម្តងនូវអាងស្តុកទឹក ដ៏សំខាន់នេះ នៅពេលទទួលរងការរំលោភបំពានពីជនឱកាសនិយមម្តងហើយម្តងទៀត ដើម្បីរក្សាផ្ទៃប្រឡាយដែលនៅសល់ សាលារាជធានីភ្នំពេញបានដាក់ចេញវិធានការទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់រាប់រយគ្រួសារផងដែរ។
លោកប្រធានអង្គភាពលូទឹកបានបញ្ជាក់ថា ឆ្នាំនេះជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ៣ខណ្ឌគឺ ខណ្ឌចំការមន ដូនពេញ ៧មករា នឹងត្រូវកាត់បន្ថយក្រោយពីស្តារប្រឡាយ និងដាក់ឲ្យដំណើរការស្ថានីយបូមទឹកបឹងត្របែកថ្មីដែលបំពាក់ម៉ូទ័រ ខ្នាតធំចំនួន ១១។
តែជំហានដំបូង យើងដំណើរការសាកល្បងចំនួន៦ម៉ូទរ័សិន ដែលមានសមត្ថភាពបូម ១៥ម៉ែត្រគូបក្នុង១វិនាទីសំរាប់ម៉ូទរ័មួយគ្រឿង គឺកើនលើសស្ថានីយចាស់៣ដង ប៉ុន្តែបញ្ហាសំខាន់ទៀតនោះ គឺធ្វើយ៉ាងណាបើកមុខទឹកឲ្យទឹកហូរបានលឿនដល់ ស្ថានីយបូមឲ្យបានទាន់ពេលវេលា ៕